ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានព្រមព្រៀងថា នឹងចូលជាសមាជិកនៃអង្គការ ផ្សព្វផ្សាយទេសចរណ៍តំបន់អាស៊ីប៉ាស៊ីភិច ហៅកាត់ថា TPO នឹងចាត់មន្ត្រីជំនាញធ្វើការងារជាមួយអង្គការTPOនេះ ដើម្បីពង្រីកការផ្សព្វផ្សាយទីក្រុងទេសចរណ៍សំខាន់ៗរបស់កម្ពុជា ទៅលើទីផ្សារទេសចរណ៍អន្តរជាតិ។
នៅក្នុងជំនួបជាមួយលោក វូ ឃ្យុងហា (WOO Kyoungha) អគ្គលេខាធិការអង្គការផ្សព្វផ្សាយទេសចរណ៍ TPO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ល្ងាចថ្ងៃទី១៥នេះខែមិថុនា នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍បានសម្រេចចាត់មន្ត្រីជំនាញទេសចរណ៍កម្ពុជា ធ្វើការងារជាមួយអង្គការTPO ដើម្បីរៀបចំឯកសារទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជា ដែលមានសក្ដានុពលទេសចរណ៍ ដូចជារាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម វាយតម្លៃដាក់ចូលក្នុងបញ្ជីជាសមាជិកអង្គការផ្សព្វផ្សាយទេសចរណ៍សម្រាប់បណ្ដាទីក្រុងនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច នៅក្នុងចំណោមទីក្រុងទេសចរណ៍សំខាន់ៗ នានាលើពិភពលោក។
ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ថ្លែងថា ការជំរុញឲ្យទីក្រុងទេសចរណ៍សំខាន់របស់កម្ពុជា ដាក់ក្នុងបញ្ជីទីក្រុងទេសចរណ៍សំខាន់ៗរបស់អង្គការTPO នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនជាពិសេសការជំរុញកំណើនទេសចរអន្តរជាតិ និងការផ្សព្វផ្សាយគោលដៅទីក្រុងទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ។
ក្នុងជំនួបនេះ លោកអគ្គលេខាធិការ វូ ឃ្យុងហា បានមើលឃើញ និងបានកោតសរសើរចំពោះការគ្រប់គ្រង ការអភិវឌ្ឍនៅតាមបណ្ដាទីក្រុងមួយចំនួនរបស់កម្ពុជាជាពិសេសរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងបាត់ដំបងជាដើម ក៏អាចក្លាយជាសមាជិកអង្គការ TPO ។
លោកអគ្គលេខាធិការបន្តថា តាមរយៈការចូលសមាជិកTPO ក្រៅពីការផ្សព្វផ្សាយគោលដៅទីក្រុងទេសចរណ៍សំខាន់ៗទៅលើពិភពលោក វាក៏នឹងអនុញ្ញាតឱ្យរដ្ឋបាលក្រុងសមាជិកនីមួយៗអាចផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអភិវឌ្ឍ ការគ្រប់គ្រង ការរៀបចំសោភ័ណភាព ការពង្រីកសក្ដានុពលទេសចរណ៍ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានាពីគ្នាទៅវិញទៅមក៕ អត្ថបទ៖ ស៊ុម សុខជា