ភ្នំពេញ ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ទទួលបានការចាប់អារម្មណ៍ច្រើនពីសិស្ស-និស្សិត និងសាធារណជន តាមរយៈការតាំងបង្ហាញពិព័រណ៍ស្នាដៃសិស្ស-និស្សិត និងក្រុមហ៊ុនក្នុងស្រុកនានា ដែលមានដូចជា ឧបករណ៍បច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងនវានុវត្តន៍ ។
"ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣" ដែលត្រូវបានរៀបចំឡេីងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលមហោស្រពពិព័រណ៍កោះពេជ្រ។
ទិវាជាតិនេះ ត្រូវបានរៀបចំឡេីងស្ថិតក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាលសិស្ស និងផ្នែកឯកជនឱ្យបានយល់ពីសារៈសំខាន់នៃ "ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស៕ ដោយ ៖ សុជាតា