
សហរដ្ឋអាមេរិក ដាក់គោលដៅលើការផលិតមីស៊ីលរបស់កូរ៉េខាងជើងនៅក្នុងទណ្ឌកម្មថ្មីរបស់ខ្លួន ក្រោយកូរ៉េខាងត្បូងនិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រទេសជិតខាងមួយនេះ បានបាញ់មីស៊ីលរយៈចម្ងាយជិត ២គ្រាប់។
យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយជិត ២គ្រាប់ទៅកាន់តំបន់ជិតឆ្នេរភាគខាងកើតកាលពីថ្ងៃព្រហស្បតិ៍ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាង ព្រមានពីការឆ្លើយតបជៀសមិនរួចចំពោះសមយុទ្ធយោធាដែលបានធ្វើឡើងនៅថ្ងៃដដែលនោះ ដោយទាហានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង ២នាក់ ដែលរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការទិញឧបករណ៍ និងសម្ភារៈដែលគាំទ្រកម្មវិធីមីស៊ីលបាលីស្ទិករបស់ប្រទេសមួយនេះ។
វិធានការកាលពីថ្ងៃព្រហស្បតិ៍ មានគោលដៅលើអ្នកតំណាងម្នាក់នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រធម្មជាតិទី ២ មានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន ដែលទីក្រុងវ៉ាស៊ីងតោន និយាយថា គឺជាអង្គភាពថ្នាក់ជាតិទទួលខុសត្រូវការស្រាវជ្រាវ និងការផលិតសម្រាប់ប្រព័ន្ធអាវុធដ៏ទំនើបរបស់កូរ៉េខាងជើង។ ភរិយាយរបស់លោកដែលទីក្រុងវ៉ាស៊ីងតោននិយាយថាបម្រើការងារនៅស្ថានទូតកូរ៉េខាងជើងប្រចាំនៅប្រទេសចិននោះ រងទណ្ឌកម្មផងដែរ៕
