ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានបន្ដអញ្ជើញចុះជួប សំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ចំនួន២៦៥នាក់ទៀត នៅក្នុងស្រុករវៀង ខណៈដែលសមាជិកអតីតយុទ្ធជន កម្ពុជាខេត្តព្រះវិហារ ចំនួន១,៩០២នាក់នៅទូទាំងខេត្ត ដែលត្រូវបានធ្វើពិធីបំពាក់មេដាយលើក ទឹកចិត្តជូនជាបន្ដបន្ទាប់នៅគ្រប់បណ្ដាក្រុង-ស្រុក។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្ដែងនូវអំណរសាទរ ចំពោះបងប្អូនសមាជិក សមគមអតីតយុទ្ធកម្ពុជា ខេត្តព្រះវិហារទាំងអស់ ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយស លើកទឹកចិត្ត ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ក៏បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូន អតីតយុទ្ធជន កម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ការពារជាតិមាតុភូមិ រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការ អភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសនោះផងដែរឯកឧត្តមក៏បាន ប្រៀបធៀបនិងលើកឡើងអំពីការវិវត្តន៍រីកចម្រើន របស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយកន្លងមកក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់អភិវឌ្ឍន៍ទៅលើគ្រប់វិស័យ ពិសេសវិស័យអប់រំត្រូវបានយកចិត្តទុកដាក់ ដោយខិតខំ ពង្រីកបន្ថែម នូវអគារសិក្សាអោយបានទៅដល់តាមបណ្តា ស្រុក ឃុំ សង្កាត់ ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ ផងដែររាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ជារៀងរាល់ឆ្នាំតែងតែបានគិតគូរ និងរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន តាមរយៈមជ្ឍមណ្ឌបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីបង្រៀននូវ ចំណេះដឹង និងជំនាញផ្សេងៗ ដល់យុវជន យុវនារីដែលបានបោះបង់ការសិក្សា និងពុំមាន ការងារធ្វើ អោយមកចូលរៀននូវជំនាញផ្សេងៗ ដើម្បីបង្កើតការងារនៅក្នុងមូលដ្ឋាន និងបាន ប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាល ខេត្តក៏បានផ្តាំផ្ញើដល់សមាជិកទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ អោយបានគ្រប់ៗគ្នា និងបន្តគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោជាបន្តទៀត។យោងតាមរបាយការណ៍របស់ឯកឧត្តម ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានឱ្យដឹងថា មេដាយដែលបានបំពាក់ជូនដល់សមាជិកអតីតយុទ្ធជន កម្ពុជាក្នុងស្រុករវៀង នាថ្ងៃនេះសរុបមានចំនួន ២៦៥គ្រឿង ក្នុងនោះ មេដាយមាសការពារជាតិ ៣៤គ្រឿង និងមេដាយប្រាក់ចំនួន ២៣១គ្រឿង៕










