
ចំពេលអំពើហិង្សា កំពុងកើតមានឡើងជាថ្មី នៅរដ្ឋ Manipur លំនៅឋានរបស់រដ្ឋមន្ត្រីសហភាពលោក R K Ranjan Singh នៅស្រុក Kongba ក្នុងទីក្រុង Imphal ត្រូវបានក្រុមមនុស្សដុតបំផ្លាញ កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈនៅពេលដែលកើតហេតុនោះ លោករដ្ឋមន្ត្រីមិនបាននៅផ្ទះទេ។
ពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន ANI លោក Ranjan រដ្ឋមន្ត្រីក្រសួងសហភាពទទួលបន្ទុកកិច្ចការបរទេស បានប្រាប់ថា៖ «បច្ចុប្បន្ន ខ្ញុំកំពុងនៅរដ្ឋ Kerala ដើម្បីបំពេញការងារផ្លូវការ។ សំណាងល្អណាស់ យប់មិញគ្មានអ្នកណារងរបួសនោះទេ ក្នុងផ្ទះរបស់ខ្ញុំ នាក្រុង Imphal នោះ។ ជនខិលខូចបានមកដល់ផ្ទះរបស់ខ្ញុំដោយមានដបគ្រាប់បែកភ្លើង ហើយធ្វើការបំផ្លិចបំផ្លាញនៅជាន់ផ្ទាល់ដី និងជាន់ទីមួយ»។
រដ្ឋ Manipur បាននិងកំពុងជួបប្រទះនូវប៉ះទង្គិចគ្នាយ៉ាងហិង្សា រវាងក្រុមពីរ គឺម៉ីតី (Meiteis) និងគូគី (Kukis) ជុំវិញការទាមទារឲ្យមានការបញ្ចូលក្រុមកុលសម្ព័ន្ធឋានៈបម្រុងទៅក្នុងរដ្ឋធម្មនុញ្ញជាតិ (ST) ចាប់តាំងពីថ្ងៃទី៣ ខែឧសភា ដែលបណ្តាលឲ្យមនុស្សជាង ១០០នាក់ បានស្លាប់៕