
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៥ មិថុនា)ថា ក្រសួងថាមពលរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារសហព័ន្ធជាច្រើនផ្សេងទៀត បានរងគ្រោះនៅក្នុងយុទ្ធនាការលួចទិន្នន័យតាមប្រព័ន្ធអ៊ីនធើណិតជាសកល ដែលបានទាញយកប្រយោជន៍ពីភាពងាយរងគ្រោះនៅក្នុងកម្មវិធីផ្ទេរឯកសារដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យត្រូវបាន "សម្របសម្រួល" នៅអង្គភាពចំនួនពីរនៅក្នុងក្រសួងថាមពល នៅពេលដែលក្រុមចោរព័ត៌មានវិទ្យាអាចចូលក្នុងប្រព័ន្ធទិន្នន័យតាមរយៈកង្វះចន្លោះសុវត្ថិភាពនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាផ្ទេរទិន្នន័យ MOVEit។
មន្ត្រីក្រសួងថាមពលម្នាក់ បាននិយាយថា អង្គភាពអាជីវកម្មទាំងនោះ គឺជាភ្នាក់ងារម៉ៅការជាមួយក្រសួងថាមពលមានដូចជាសាកលវិទ្យាល័យ Oak Ridge Associated Universities និងរោងចក្រថាមពល Waste Isolation Pilot Plant ដែលមានមូលដ្ឋាននៅរដ្ឋ New Mexico ទួលខុសត្រូវចពោះការបញ្ចេញសំណល់នុយក្លេអ៊ែរ។
ទីភ្នាក់ងារសន្តិសុខប្រព័ន្ធបច្ចេកវិទ្យាអ៊ិនធើណិត និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក (CISA) បាននិយាយថា ខ្លួនកំពុងជួយទីភ្នាក់ងារសហព័ន្ធជាច្រើនដែលត្រូវបានរងគ្រោះ ប៉ុន្តែមិនបានបញ្ចេញឈ្មោះទីភ្នាក់ងារទាំងនោះទេ។
ក្រសួងថាមពល ដែលគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងគោលនយោបាយថាមពលរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានជូនដំណឹងដល់សភាអំពីការរំលោភបំពាននេះ និងកំពុងចូលរួមក្នុងការស៊ើបអង្កេតជាមួយអង្គភាពអនុវត្តច្បាប់និងទីភ្នាក់ងារ CISA ៕