
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីព្យុះកួចមួយមេ បានវាយប្រហារទីក្រុង Perryton ភាគខាងជើងនៃរដ្ឋតិចសាស កាលពីថ្ងៃព្រហស្បតិ៍ (១៥ មិថុនា) ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់ផ្ទះចល័តចំនួន ៣០ខ្នង ត្រូវបានខូចខាត ឬបំផ្លាញ ខណៈដែលក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកនៅរស់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍។
រូបភាពពីលើអាកាសបានបង្ហាញផ្ទះដែលរងការខូចខាត និងបន្សល់ទុកជាគំនរបាក់បែក។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា លោកកំពុងដាក់ពង្រាយក្រុមឆ្លើយតបគ្រាអាសន្នរបស់រដ្ឋទៅកាន់តំបន់នោះ រួមទាំងធនធានពីក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ រួមជាមួយនឹងក្រុមស្វែងរក និងជួយសង្គ្រោះផងដែរ៕
