
ក្រុមអាជ្ញាធរក្នុងស្រុកនិយាយកាលពីថ្ងៃពុធថា ការងាប់សត្វស្លាបព្រៃរាប់រយក្បាលនៅតាមតំបន់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក អាចបណ្តាលមកពីបាតុភូតអាកាសធាតុ El Niño ស្របពេលដែលប្រទេសមួយនេះ និងមហាសមុទ្រនៅជុំវិញខ្លួន ប្រឈមនឹងរលកកម្តៅដ៏ហួតហែងបំផុត ។
សត្វស្លាបច្រើនប្រភេទចំនួន ៣០០ក្បាល ត្រូវបានប្រទះឃើញងាប់កាលពីចុងសប្តាហ៍កន្លងទៅ នៅតាមបណ្តោយឆ្នេររដ្ឋភាគខាងលិច Chiapas, Oaxaca, Guerrero, Michoacan, Jalisco, Sonoraនិងរដ្ឋ Baja California Sur របស់ប្រទេសម៉ិកស៊ិក ។
ដំបូងឡើយក្រុមអាជ្ញាធរសង្ស័យថា វាអាចបណ្តាលមកពីជំងឺគ្រុនផ្តាសាយបក្សី ប៉ុន្តែនៅក្នុងកិច្ចខិតខំរួមគ្នាដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្មម៉ិកស៊ិក ពួកគេបានធ្វើការសន្និដ្ឋានថា ហេតុផលទំនងបំផុត គឺមហាសមុទ្រក្តៅជាងមុន បណ្តាលមកពីបាតុភូត El Niño ។
បាតុភូតធម្មជាតិតាមកាលកំណត់មួយនេះ ដែលមានពេលចន្លោះពីច្រើនខែដល់ច្រើនឆ្នាំនោះ នឹងធ្វើឲ្យមហាសមុទ្រប៉ាស៊ីហ្វិកឡើងក្តៅជាងមុន បង្កឲ្យកើតមានព្យុះស៊ីក្លូនត្រូពិក ទឹកជំនន់ និងភ្លៀងធ្លាក់នៅទូទាំងអាមេរិក និងនៅតំបន់ផ្សេងទៀត ។
កាលពីដើមខែនេះ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិសហរដ្ឋអាមេរិក បានប្រកាសថា បច្ចុប្បន្នបាតុភូត El Nino បានចាប់ផ្តើមហើយ ក្រោយកើតមានបាតុភូតត្រជាក់ជាងនេះ La Ninaរយៈពេល ៣ឆ្នាំ៕