
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងជាថ្មីម្តងទៀតថា ការដែលសម្តេចចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី នាពេលកន្លងមក ក៏ដូចជាពេលនេះ មិនមែនជាការជិះសេះមើលផ្កានោះទេ គឺជាការជួបជុំដើម្បីស្វែងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនី និងចង់ដឹងអំពីវឌ្ឍភាពរបស់កម្មកនិយោជិត នៅតាមរោងចក្រ។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ១៨.០១២នាក់ មកពីរោងចក្រសហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករតាំងពីដើម រហូតដល់សព្វថ្ងៃនេះ គឺបានរកដំណោះស្រាយជូនដល់បងប្អូនកម្មករនិយោជិតបានច្រើន ដូចជា៖ ការសម្របសម្រួលឲ្យកម្មការិនី ដែលមានផ្ទៃពោះ និងពិការភាពចេញមុនម៉ោងធ្វើការ និងបញ្ហាមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលធ្វើការសម្របសម្រួល និងកំពុងរកដំណោះស្រាយ ខណៈមានការវិវាទរវាងកម្មករ និងថៅកែរោងចក្រជាដើម។
នៅចំពោះមុខបងប្អូនកម្មករ-កម្មការិនីនៅខេត្តកំពង់ស្ពឺនាព្រឹកនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានរំលឹកជាថ្មីទៀតដែរថា កម្មការិនីណាដែលមានផ្ទៃពោះត្រូវបានរាជរដ្ឋាភិបាលឧបត្ថម្ភបន្ថែមជាច្រើនដំណាក់កាលទៀត ពោលគឺចាប់ផ្តើមពីមានផ្ទៃពោះដំបូងរហូតដល់បង្កើតកូនបានរយៈពេលពីរខែ ខណៈស្ត្រីដែលមានកូនភ្លោះពីរ ឬក៏បី នឹងទទួលបានលើសអ្នកមានកូនមួយធម្មតា៕ អត្ថបទ៖ បាន ចក់







