
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តាំទៅទណ្ឌិតក្បត់ជាតិបីជំនាន់ និងបក្សពួកមួយក្តាប់តូចរបស់ខ្លួនថា មនុស្សរបស់សម្តេច(អ្នកស៊ើបការ) កំពុងនៅក្បែរខ្លួនរបស់អ្នកទាំងនោះជានិច្ច ហើយសម្តេចបានថ្លែងថា បើសិនមិនឲ្យមនុស្សរបស់សម្តេចនៅក្បែរខ្លួនទេ លុះត្រាណាកាប់សម្លាប់ពួកគេឲ្យអស់ទើបគ្មានមនុស្សរបស់សម្តេចតទៅទៀត។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨.០១២នាក់មកពីរោងចក្រសហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថារឿងរ៉ាវទាំងឡាយរបស់ក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់ គឺសម្តេចបានដឹងគ្រប់ពេលវេលាទាំងអស់ បើទោះបីក្រុមទណ្ឌិតក្បត់ជាតិទាំងនោះ ធ្វើបុណ្យរៃអង្គាសលុយនៅទីណា ឬមានគម្រោងធ្វើនៅទីណាទៀត ក៏សម្តេចដឹងដែរ ខណៈមនុស្សរបស់សម្តេចកំពុងដើរគ្រប់ជំហានជាមួយពួកទាំងនោះគ្រប់ពេលវេលា។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានចំអកឲ្យក្រុមទណ្ឌិតក្បត់ជាតិទាំងនោះផងដែរថា ធ្វើនយោបាយតាំងពីមានមនុស្សគាំទ្រច្រើនរហូតដល់គ្មាន ខណៈមនុស្សដែលធ្លាប់ជំនិត និងគាំទ្រពួកផងខ្លួនត្រូវបានរត់មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានខែមកនេះ មនុស្សដែលធ្លាប់ជេរ និងរិះគន់សម្តេច បានធ្វើការសូមទោស និងថ្លែងកោតសរសើរចំពោះការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជាទៅវិញ៕ អត្ថបទ៖ បាន ចក់







