
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានបន្តអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ១៨.០១២នាក់ មកពីរោងចក្រសហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រដូវកាលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ បានខិតជិតមកដល់ហើយ ដូច្នេះសូមបងប្អូនកម្មករ កម្មការិនីទាំងអស់ កុំភ្លេចទៅបោះឆ្នោត ខណៈពេលបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ រាជរដ្ឋាភិបាលបាន សម្រេចឲ្យកម្មករទាំងអស់ឈប់សម្រាករយៈពេលបីថ្ងៃ ដោយមានប្រាក់ឈ្នួល។
សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្មករ-កម្មការិនី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈសម្តេចតែងតែនៅក្បែរបងប្អូនប្រជាពលរដ្ឋពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ហើយជាងនេះទៅទៀតសម្តេច និងគណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលស្រុក និងសន្យាខ្យល់ដូចមនុស្ស និងបក្សមួយចំនួនឡើយ៕ អត្ថបទ៖ បាន ចក់