កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សាខាបក្ស ក្រុមបក្ស ប្រធាន អនុប្រធាន និងបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីសរុបចំនួន ២.៣៤៨នាក់ ពីឃុំស្រក និងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្តមវេង សាខុន បានពាំនាំនូវសារសួរសុខទុក្ខ និងសារស្វាគមន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីនាពេលនេះ។

ឯកឧត្តមក៏បានអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សមកពីថ្នាក់កណ្តាល ថ្នាក់ខេត្ត-ស្រុក-ឃុំ និងភូមិទាំងអស់ដែលបានខិតខំប្រឹងប្រែងចុះជួយសំរួល និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀមយ៉ាងសកម្ម។
ឯកឧត្តមក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូ វិរៈភាព និងការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ប្រធានគណបក្ស ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋយើង ពីប្រទេសដែលមានភ្លើងសង្គ្រាមពេញផ្ទៃប្រទេស អសន្តិសុខ និងស្ថេរភាពសង្គម អសន្តិសុខស្បៀងជូនប្រជាជនខ្លួន មកជាប្រទេសដែលមានអ្វីៗទាំងអស់ ជាកម្ពុជាដែលបន្តឈានទៅមុខឥតឈប់ឈរ។

ឯកឧត្តមក៏បានលើកឡើងនូវសមិទ្ធផលជាច្រើនដែលសម្តេចតេជោ និងគណបក្សបាន និងកំពុងសម្រេច ដូចជាការឧបត្ថម្ភគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជាពិសេសនៅក្នុងដំណាក់កាលរីករាលដាលនៃជម្ងឺកូវីត១៩។ ក្នុងពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងផ្តល់កិច្ចគាំទ្រដល់ពលករ ១,៥លាននាក់ក្នុងការទទួលវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់។ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿន ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។ ជាបន្តបន្ទាប់ឥតឈប់ឈរក៏ជាស្នាដៃដ៏អស្ចារ្យមួយដែលសម្តេចតេជោបានសម្រេចផងដែរ។ ជាក់ស្តែង ទាំងអស់នេះបានធ្វើឱ្យប្រជាជនយើងយល់ច្បាស់ និងមានជំនឿទុកចិត្តបន្តគាំទ្រសម្តេចតេជោ និងគណបក្ស ហើយក៏ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សយើង។ យើងទាំងអស់គ្នា មានភារកិច្ចថែរក្សា និងការពារម្លប់សន្តិភាពនេះជាចាំបាច់ មានសន្តិភាព ទើបមានការអភិវឌ្ឍ និងរីកចម្រើន។ សន្តិភាព គឺជាមូលដ្ឋាននៃការអភិវឌ្ឍ។
មុននឹងបញ្ចប់ ឯកឧត្តមក៏បានអំពាវនាវដល់សមាជិកគណបក្សយើង និងប្រជាពលរដ្ឋយើងទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តគាំទ្រ និងបោះឆ្នោតជូនសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕










