
ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃសុក្រ បន្ទាប់ពីជំនួបរវាងមេដឹកនាំអាហ្វ្រិក និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក្នុងទីក្រុង Kyiv អំឡុងពេលលោកបានអំពាវនាវឱ្យមានលំហូរគ្រាប់ធញ្ញជាតិដោយសេរីថាបណ្តាប្រទេសអាហ្វ្រិកបានត្រៀមខ្លួនដើម្បីចូលរួមបន្ថែមទៀតក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន។
ក្នុងអំឡុងសន្និសីទព័ត៌មានរួមគ្នាជាមួយមេដឹកនាំអ៊ុយក្រែន លោក Ramaphosa បាននិយាយថាមេដឹកនាំអាហ្វ្រិកនៅទីនេះដើម្បីចែករំលែកទស្សនៈរបស់ទ្វីបអាហ្វ្រិកលើការស្វែងរកសន្តិភាពនៅអ៊ុយក្រែន។
គណៈប្រតិភូអាហ្វ្រិក រួមមានមេដឹកនាំប្រទេសសេណេហ្គាល់ អេហ្ស៊ីប ហ្សំប៊ី អាហ្វ្រិកខាងត្បូង និងប្រជុំកោះកូម៉ូរ៉ូ បានជួបលោក Zelenskiy បន្ទាប់ពីត្រូវបានស្វាគមន៍នៅទីក្រុង Kyiv ដោយមីស៊ីលរបស់រុស្ស៊ីជាច្រើនគ្រាប់។ ពួកគេមានផែនការជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុង St Petersburg (សេន ភីតធើសប៊ើក) នៅថ្ងៃសៅរ៍ទី១៧ ខែមិថុនានេះ។
លោក Ramaphosa បាននិយាយកាលពីថ្ងៃសុក្រថា ត្រូវតែមានការបន្ធូរបន្ថយភាពតានតឹងពីភាគីទាំងសងខាងនៃសង្គ្រាមនៅអ៊ុយក្រែន ហើយសន្តិភាពគួរតែត្រូវធ្វើឲ្យសម្រេចជោគជ័យតាមរយៈមធ្យោបាយការចរចា និងការទូត។ ប្រធានាធិបតីប្រទេសហ្សំប៊ី លោក Hakainde Hichilema បាននិយាយថា វាជារឿងសំខាន់ដែល យើងនៅក្នុងទ្វីបអាហ្វ្រិក រួមចំណែកដល់សន្តិភាពនៅអ៊ុយក្រែន៕