
បណ្តារដ្ឋមន្ត្រីក្រសួងការពារជាតិនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ពុំបានឈានដល់កិច្ចព្រមព្រៀងលើផែនការថ្មីនានាអំពីរបៀបដែលសម្ព័ន្ធយាធានេះនឹងឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៊ី ហើយអ្នកការទូតម្នាក់បានបន្ទោសប្រទេសទួរគីពីបទរារាំងពួកគេ។
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយថា ក្រុមរដ្ឋមន្ត្រីការពារជាតិ បានពិនិត្យឡើងវិញនូវផែនការ ដែលជាលើកដំបូងចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ និងហើយដោយសារតែកត្តាជំរុញពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងព្រុចសែល ហើយកំពុងខិតទៅកាន់តែជិតកិច្ចព្រមព្រៀងលើផែនការទាំងនោះ។ ប៉ុន្តែអ្នកការទូតម្នាក់បាននិយាយថា ប្រទេសទួរគីបានរារាំងការសម្រេចចិត្តជុំវិញការប្រើពាក្យពេចន៍លើទីតាំងភូមិសាស្ត្រ រួមទាំងកោះស៊ីបផងដែរ។ អ្នកការទូតរូបនេះបាននិយាយបន្ថែមថា វានៅតែមានឱកាសដើម្បីស្វែងរកដំណោះស្រាយមុនពេលកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅពាក់កណ្តាលខែកក្កដា ក្នុងទីក្រុង Vilnius ប្រទេសលីទុយអានី។ អ្វីដែលគេហៅថាផែនការថ្នាក់តំបន់ មានរាប់ពាន់ទំព័រនៃផែនការយោធាសម្ងាត់ ដែលនឹងនិយាយលម្អិតអំពីរបៀបដែលសម្ព័ន្ធយោធានឹងឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៊ី។ ការរៀបចំឯកសារបង្ហាញពីការផ្លាស់ប្តូរជាមូលដ្ឋាន។ សម្ព័ន្ធយោធាណាតូ បានមើលឃើញថា ពុំចាំបាច់មានផែនការការពារទ្រង់ទ្រាយធំនោះទេអស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ខណៈខ្លួនបានប្រយុទ្ធនឹងសង្គ្រាមតូចៗនៅអាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ាក់ ហើយគិតថា ប្រាកដណាស់ថា រុស្ស៊ីក្រោយសម័យសូវៀត លែងបង្កការគំរាមកំហែងអត្ថិភាពទៀតហើយ។
ប៉ុន្តែដោយមានសង្គ្រាមបង្ហូរឈាមខ្លាំងបំផុតនៅអឺរ៉ុបចាប់តាំងពីឆ្នាំ ១៩៤៥ បានកើតឡើងហួសពីព្រំដែនរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន បច្ចុប្បន្ននេះសម្ព័ន្ធយោធានេះកំពុងព្រមានថា ខ្លួនត្រូវតែមានផែនការទាំងអស់នៅនឹងកន្លែងឱ្យបានល្អ មុនពេលជម្លោះជាមួយគូសត្រូវដូចជាទីក្រុងមូស្គូអាចនឹងផ្ទុះឡើង។