
នគរបាល នៅក្នុងខេត្ត Manitoba របស់ប្រទេសកាណាដា កាលពីថ្ងៃសុក្រ (ទី១៦ មិថុនា) កំពុងព្យាយាមកំណត់អត្តសញ្ញាណជនរងគ្រោះ ១៥នាក់ ដែលបានស្លាប់ នៅពេលដែលរថយន្តដឹកទំនិញ និងរថយន្តក្រុង បុកគ្នា ដែលនេះជាឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយ ក្នុងចំណោមគ្រោះថ្នាក់នៅលើដងផ្លូវដ៏ធំបំផុតរបស់ប្រទេសនេះ។
ស្នងការនគរបាលជិះសេះកាណាដា លោក Rob Lasson បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «មនុស្ស ១០នាក់ ដែលរងរបួសក្នុងគ្រោះថ្នាក់នេះ ត្រូវបានស្គាល់អត្តសញ្ញាណរួចហើយ។ នេះមានន័យថា អ្នកផ្សេងទៀត ដែលជិះរថយន្តក្រុងនេះ ត្រូវបានសន្មតិថា បានបាត់បង់ជីវិត។ តែទោះជាយ៉ាងណាក្តី អ្នកស្លាប់មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណម្នាក់នៅឡើយទេ នាពេលនេះ'»។
ហើយមូលហេតុ ដែលនាំឲ្យមានការពិបាក ក្នុងការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះនោះ ក្រុមមន្ត្រីបានប្រាប់ ក្នុងសន្និសីទសារព័ត៌មានថា គឺដោយសារតែការប៉ះទង្គិចលើផ្ទៃមុខធ្ងន់ធ្ងរពេក ដែលតម្រូវឲ្យមានការធ្វើតេស្តបន្ថែមទៀត ដោយក្នុងនោះរួមទាំងការពិនិត្យ DNA ផងដែរ។
រថយន្តក្រុងពណ៌សតូច ដែលដឹកមនុស្សចំនួន ២៥នាក់ ភាគច្រើនជាមនុស្សចាស់ ត្រូវភ្លើងឆេះខ្លោចស្ទើរទាំងស្រុង។ រថយន្តនោះ ធ្វើដំណើរត្រង់ទៅទិសខាងត្បូងឆ្ពោះទៅកាស៊ីណូតាមផ្លូវហាយវេឆ្លងកាត់ប្រទេសកាណាដា ហើយក៏ជួបនូវគ្រោះថ្នាក់នេះ ដោយបុកជាមួយនឹងរថយន្តដឹកទំនិញ ដែលកំពុងធ្វើដំណើរទៅទិសខាងលិច៕

