មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថា ប្រទេសចិននឹងមានតួនាទីក្នុងការជំរុញការផ្សះផ្សា រវាងដែនដីរបស់លោក និងប្រទេសអ៊ីស្រាអែល។ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping លោក Abbas បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃទៅកាន់ប្រទេសចិន ចាប់តាំងពីថ្ងៃអង្គាររហូតដល់ថ្ងៃសុក្រ ដោយបង្ហាញពីការវាយតម្លៃខ្ពស់ចំពោះប្រទេសចិនសម្រាប់ការគាំទ្រផ្នែកសេដ្ឋកិច្ចនិងនយោបាយរយៈពេលជាយូររបស់ខ្លួនសម្រាប់ពលរដ្ឋប៉ាឡេស្ទីន និងបាននិយាយសង្ខេបជូនមេដឹកនាំចិន លើភាពតានតឹងដែលនៅកំពុងបន្តជាមួយអ៊ីស្រាអែល។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចិន កាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងប៉េកាំង លោក Abbas បានថ្លែងលើកឡើងពីការធ្វើជាសហប្រធានរបស់ប្រទេសចិន នៃកិច្ចប្រជុំកំពូលរដ្ឋអារ៉ាប់-ចិន ដែលបានធ្វើឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីឆ្នំាមុន។
លោកAbbas និយាយថា កិច្ចប្រជុំកំពូលរដ្ឋអារ៉ាប់-ចិន បានធ្វើឡើងដោយជោគជ័យ ដែលបានបញ្ចូនសញ្ញាដ៍សំខាន់។ យើងសប្បាយចិត្តដែលមើលឃើញថា ប្រទេសចិនកំពុងជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអារ៉ាប់ តាមរយៈកិច្ចប្រជុំកំពូលនេះ។ យើងសង្ឃឹមថា ប្រទេសចិន នឹងបន្តការជំរុញនេះ និងបង្កើតកិច្ចប្រជុំកំពូល។ ដោយហៅការតភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសអ៊ីរ៉ង់ថា ជារឿងអព្ភូតហេតុនោះ លោក Abbas និយាយថា រដ្ឋអារ៉ាប់ទាំងអស់ស្វាគមន៍ការសម្របសម្រួលរបស់ប្រទេសចិន ព្រោះថាវាផុសចេញពីសុឆន្ទៈដ៏ពិតប្រាកដ។
