
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានលើកឡើងកាលពីថ្ងៃសុក្រ (ទី១៦ មិថុនា) ថា មិនមានសញ្ញាពីភាពប្រសើរឡើងនោះឡើយនៃស្ថានភាពនយោបាយ នៅក្នុងសហភាពមីយ៉ាន់ម៉ា គិតចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ មក ដោយការនិយាយបែបនេះ កើតមានឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានបង្ហាញពីទស្សនៈទុទិដ្ឋិនិយមរួមគ្នា។
ប្រទេសសិង្ហបុរីគឺជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ដែលបានដករបបយោធារបស់សហភាពមីយ៉ាន់ម៉ាមិនឲ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់ខ្លួន បន្ទាប់ពីរដ្ឋប្រហារ បានរុញប្រទេសនេះឲ្យធ្លាក់ចូលទៅក្នុងអំពើហិង្សា ដោយរបបយោធាកំពុងប្រឹងប្រយុទ្ធជាមួយរណសិរ្សប្រឆាំងជាច្រើនក្រុម ដើម្បីព្យាយាមកម្ចាត់ក្រុមចលនាតស៊ូប្រដាប់អាវុធគាំទ្រលទ្ធិប្រជាធិបតេយ្យ។
លោក Balakrishnan បានប្រាប់សន្និសីទសារព័ត៌មានថា កង្វះវឌ្ឍនភាព បានន័យថា នេះមិនមែនជាពេលវេលាមានទំនាក់ទំនងឡើងវិញក្នុងកម្រិតខ្ពស់ជាមួយរបបយោធាមីយ៉ាន់ម៉ានោះទេ ប៉ុន្តែលោកបាននិយាយថា ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន កំពុងចូលរួមជាមួយ «មជ្ឈដ្ឋានពាក់ព័ន្ធដ៏ធំទូលាយ» លើបញ្ហាសហភាពមីយ៉ាន់ម៉ានេះ ដែលជាការសំដៅដល់ការពិភាក្សាពាក់ព័ន្ធនឹងក្រុមប្រឆាំងនឹងរដ្ឋប្រហារ។
លោក Blinken បាននិយាយថា លោកបានយល់ស្របជាមួយសមភាគីសិង្ហបុរី ហើយថាទីក្រុងវ៉ាស៊ីនតោនគាំទ្រកិច្ចប្រឹងប្រែងរបស់អាស៊ានលើបញ្ហារបស់សហភាពមីយ៉ាន់ម៉ា៕