
អាជ្ញាធរនៅក្នុងទីក្រុងឆ្នេរនៃរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា បានចាប់ផ្តើមជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដោយសារព្យុះស៊ីក្លូន Biparjoy នៅថ្ងៃសៅរ៍ (ទី១៧ ខែមិថុនា) នេះ ខណៈដែលអ្នកស្រុកបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបណ្ដើរៗវិញហើយ។
ព្យុះស៊ីក្លូន Biparjoy ដែលមានន័យថា «គ្រោះមហន្តរាយ» ក្នុងភាសាបង់ហ្គាលី (Bengali) បានវាយប្រហាររដ្ឋ Gujarat កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) ជាមួយនឹងល្បឿនខ្យល់រហូតដល់ ១២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយបំផ្លាញតូបនានានៅតាមបណ្ដោយឆ្នេរ ព្រមទាំងរំលើងដើមឈើ និងបង្គោលភ្លើង។
មានការបង្ហាញអ្នកបាត់បង់ជីវិតតែពីរនាក់ប៉ុណ្ណោះ គឺអ្នកឃ្វាលសត្វពាហនៈពីរនាក់ ដែលស្លាប់ដោយសារព្យាយាមជួយសត្វគោរបស់ពួកគេកុំឲ្យទឹកហូរនាំទៅ នៅប៉ុន្មានម៉ោងមុនព្យុះស៊ីក្លូនបានបោកបក់មកដល់ដីគោក។
អ្នកស្រុកក្នុងតំបន់នៃទីក្រុង Mandvi ដែលទើបតែត្រឡប់មកពីជម្រកគេចពីព្យុះ អាចត្រូវបានមើលឃើញថា កំពុងវាយតំលៃការខូចខាតលំនៅឋានរបស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍នេះ ខណៈដែលកម្មករធ្វើការជួសជុលខ្សែភ្លើងដែលដាច់ធ្លាក់រប៉ាត់រប៉ាយ។
រដ្ឋមន្ត្រីសុខាភិបាលរដ្ឋ Gujarat លោក Rushikesh Patel បាននិយាយថា រដ្ឋបាលរដ្ឋកំពុងធ្វើការដើម្បីស្តារភាពប្រក្រតីឡើងវិញ«ឲ្យបានឆាប់តាមដែលអាច»។ យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល លោកបានបន្ថែមថា ដីប្រហែល១៣.៣៥៤ ហិកតា ត្រូវបានបំផ្លាញដោយសារព្យុះស៊ីក្លូននេះ។
មនុស្សជាង ១០០.០០០នាក់ ត្រូវបានជម្លៀសចេញពីស្រុកឆ្នេរចំនួនប្រាំបី ហើយបានផ្លាស់ទៅកាន់ជម្រកនៅក្នុងសាលប្រជុំសាលារៀន និងអគាររដ្ឋាភិបាលផ្សេងទៀត នៅមួយថ្ងៃមុនព្យុះស៊ីក្លូនបានបោកបក់មកដល់៕


