
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានធ្វើដំណើរទៅធ្វើទស្សនកិច្ច នៅអគារឧស្សាហកម្មយោធា ក្នុងតំបន់ Omsk របស់ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍ (ទី១៧ ខែមិថុនា) នេះ ដើម្បីត្រួតពិនិត្យមើលការផលិតរថក្រោះ និងការជួសជុលអាវុធ និងរថយន្តយោធា។
តាមការលើកឡើងរបស់ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ការផលិតរថពាសដែក និងសព្វាវុធ ត្រូវបានបង្កើនបរិមាណយ៉ាងច្រើន នៅរយៈពេលប៉ុន្មានខែមុននេះ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថពាសដែក និងឧបករណ៍យោធាដែលផលិតនៅកន្លែងនោះ កំពុងត្រូវបានផ្ទុកនៅលើរថភ្លើង ដើម្បីបញ្ជូនទៅឲ្យទាហាននៅសមរភូមិមុខ។
ដំណើរទស្សនកិច្ចរបស់លោក Shoigu នេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ប្រទេសរុស្ស៊ី ដើម្បីពង្រឹងសន្តិសុខ និងការពារអធិបតេយ្យភាពប្រទេសរបស់លោក អំឡុងពេលធ្វើសុន្ទរកថារបស់លោក នៅឯវេទិកា St Petersburg កាលពីថ្ងៃសុក្រ (ទី១៦ ខែមិថុនា)៕

