ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខណ្ឌទួលគោក រាជធានីភ្នំពេញ សហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី១៨ខែមិថុនានេះ បន្តរៀបចំកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋរស់នៅសង្កាត់ទឹកល្អក់ទី៣ សង្កាត់ផ្សារដើមគរ និងសង្គាត់បឹងសាឡាង ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
កម្មវិធីនេះ អញ្ចើញចូលរួមដោយឯកឧត្តម សុត ធា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្សារដើមគរ តំណាងដ៏ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។
នៅក្នុឱកាសនោះ ឯកឧត្តម សុត ធា មានប្រសាសន៍ថា តាំងនាមតំណាង ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀត សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង ដែលបានចំណាយពេលវេលា នៅថ្ងៃឈប់សម្រាក ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋនៅមូលដ្ឋានខណ្ឌទួលគោក។ លើសពីនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិមានការអភិវឌ្ឍ និងប្រជាពលរដ្ឋរស់នៅក្នុងភាពសុខស្រួល ក្រោមម្លប់សន្តិភាព។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានលើកឡើងដែរថា នៅពេលមានក្រុមគ្រូពេទ្យចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់មូលដ្ឋានរស់នៅនេះ គឺផ្តល់ភាពងាយស្រួលមិនពិបាកធ្វើដំណើរទៅរកពេទ្យ និងកាត់បន្ថយការចំណាយបានមួយកំរិតទៅលើថ្នាំពេទ្យផងដែរ។លើសពីនេះ ពួកគាត់បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណដល់ក្រុមការងារចុះមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យ ដែលបានចុះពិនិត្យសុខភាពនាពេលនេះ និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់កាលៈទេសៈ។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំពីគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ដោយការមើលឃើញ ពីការយកចិត្តទុក និងស្នាដៃជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រជាពលរដ្ឋខ្មែរ ផ្តល់ទំនុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល ក្នុងរយៈពេល៦អាណិត្តកន្លងទៅ ហើយបន្តគាំទ្រនៅអាណត្តិទី៧នេះ និងអាណត្តិក្រោយៗទៀតផងដែរ៕ អត្ថបទ៖ ទូច សោភ័ណ





