កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានផ្តល់ឲ្យក្រុមមេដឹកនាំអាហ្វ្រិកដែលព្យាយាមសម្រុះសម្រួលនៅក្នុងសង្រ្គាមអ៊ុយក្រែន នូវបញ្ជីហេតុផលដែលលោកជឿថា សំណើជាច្រើនរបស់ពួកគេពុំត្រឹមត្រូវ ដែលជាផែនការមួយ ត្រូវបានច្រានចោលរួចទៅហើយដោយទីក្រុងគីវ ។
ក្រុមមេដឹកនាំអាហ្វ្រិក បានព្យាយាមស្វែងរកកិច្ចព្រមព្រៀងលើវិធានការបង្កើតជំនឿចិត្តជាច្រើន បើទោះបីជាកាលពីសប្តាហ៍មុន ទីក្រុងគីវ ចាប់ផ្តើមវាយបកដើម្បីរុញច្រានកងកម្លាំងរុស្ស៊ីចេញពីតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូកាន់កាប់ក៏ដោយ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយក្រោយជំនួបជាមួយពួកគេនៅក្នុងទីក្រុងគីវកាលពីថ្ងៃសុក្រថា កិច្ចពិភាក្សាស្វែងរកសន្តិភាពត្រូវតែឲ្យទីក្រុងម៉ូស្គូដកកងកម្លាំងរបស់ពួកគេចេញពីតំបន់កាន់កាប់លើទឹកដីអ៊ុយក្រែន គឺជាអ្វីមួយដែលរុស្ស៊ីនិយាយថា វាមិនអាចចរចាបាននោះទេ ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក Putinបានបើកកិច្ចប្រជុំជាមួយក្រុមអ្នកតំណាងមកពីប្រទេសសេណេហ្គាល់ អេហ្ស៊ីប ហ្សំប៊ី អ៊ុយហ្គង់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រជុំកោះកូម៉ូរ៉ុស និងអាហ្វ្រិកខាងត្បូង នៅក្នុងវិមានជិតទីក្រុង St. Petersburg ដោយលោកបានធ្វើការសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ីចំពោះទ្វីបមួយនេះ៕ អត្ថបទ៖ សារ៉ាត់

