ខេត្តព្រះសីហនុ៖ មន្ត្រីរាជការគ្រប់ផ្នែកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងការប្រែក្លាយខេត្តព្រះសីហនុ មកជាប៉ូលសេដ្ឋកិច្ចទី២ ដ៏មានសក្តានុពល បន្ទាប់ពីរាជធានីភ្នំពេញ។ នេះជាប្រសាសន៍របស់ឯកឧត្ដម សាយ សំអាល់ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។
ឯកឧត្ដម សាយ សំអាល លើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបានដើរលើផ្លូវដ៏វែងឆ្ងាយ និងពោរពេញដោយការលំបាក។ ដោយឆន្ទៈដ៏មោះមុត និងលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា កំពង់ផែត្រូវបានធ្វើសមាហរណកម្ម និងសុខដុមនីយកម្មជាមួយបណ្តាប្រព័ន្ធកំពង់ផែអន្តរជាតិធំៗនៅលើពិភពលោក។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាម៉ាស៊ីនសេដ្ឋកិច្ច ដែលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
ឯកឧត្ដម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ក្នុងជំនួបនេះឯកឧត្តម ក៏បានចាត់ទុកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ជាតួអង្គដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍខេត្ត ព្រះសីហនុ ឱ្យប្រែក្លាយមកជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ចជាតិ ដូចសព្វថ្ងៃនេះ។
ឯកឧត្ដមមានជំនឿយ៉ាងមុតមាំថា ខេត្តព្រះសីហនុនឹងបន្តរីកចម្រើនឥតឈប់ឈរ ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងដើរតួនាទីកាន់តែសំខាន់ ជាសសរកន្លោងមួយសម្រាប់ទ្រទ្រង់ការសម្រេចបាននូវផែនការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ក៏ដូចជា ចក្ខុវិស័យកម្ពុជា ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជា ២០៥០ ជាប្រទេសចំណូលខ្ពស់ តាមការគ្រោងទុក៕ អត្ថបទ៖ វ៉ន ដារ៉ា