ក្រុមអាជ្ញាធរ និយាយថា នគរបាល ១២នាក់ បានរងរបួសកាលពីថ្ងៃសៅរ៍ អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅក្នុងតំបន់ Savoie ប្រទេសបារាំង ជាទីដែលបាតុកម្មប្រឆាំងនឹងគម្រោងផ្លូវដែកល្បឿនលឿន នៅតំបន់ភ្នំ Alpsប្រែក្លាយជាអំពើហិង្សា ។
ក្រុមបាតុករប្រហែល ២ពាន់នាក់ បានជួបជុំគ្នានៅជ្រលងភ្នំ Maurienne(ម៉រីយែន) ដើម្បីប្រឆាំងនឹងគម្រោងផ្លូវដែកដែលតភ្ជាប់រវាងទីក្រុង Lyon(លីយ៉ុង) ប្រទេសបារាំង និងទីក្រុង Turin របស់ប្រទេសអ៊ីតាលី។
លោក Francois Ravier គឺជាមន្រ្តីក្នុងស្រុកមួយរូប និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ពួកគេបានចោលដុំថ្មលើក្រុមនគរបាលបង្រ្កាបកុបកម្មដែលបានឆ្លើយតបវិញជាមួយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយបាតុករម្នាក់ បានរងរបួស ។
លោកបន្តថា ការធ្វើបាតុកម្មនៅមិនទាន់ចប់ទេ ហេតុដូច្នេះហើយពួកយើងនៅតែប្រុងប្រយ័ត្នខ្ពស់ និងចល័តកម្លាំង ហើយវត្តមានរបស់កងកម្លាំងសន្តិសុខ នឹងបន្តពេញមួយយប់ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin (ហ្សេរ៉ាល់ ដាម៉ាណាំង) បាននិយាយពីចំនួននគរបាលរងរបួស នៅលើបណ្តាញព័ត៌មានសង្គម Twitter ។
ក្រុមមន្រ្តីនិយាយថា ការពិនិត្យព្រំដែន បានរកឃើញវត្ថុរឹងចំនួន ៤០០ ដូចជាកំាបិត និងញញួរ ខណៈមនុស្ស ៩៦នាក់ ដែលត្រូវបានស្គាល់ដោយកងកម្លាំងសន្តិសុខ ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ីតាលីវិញ៕ អត្ថបទ៖ សារ៉ាត់



