រដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់លោក Joseph Wu បាននិយាយអំឡុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបកាលពីសប្តាហ៍មុនថា បណ្តាប្រទេសនៅអឺរ៉ុប គួរតែពង្រឹងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ បើសិនជាពួកគេចង់បន្តការវិនិយោគរបស់កោះតៃវ៉ាន់លើផលិតផលពាក់កណ្តាលចម្លង ឬបន្ទះ Chip ។
គួរឲ្យដឹងថា ការវិនិយោគនៅក្រៅប្រទេសដោយក្រុមហ៊ុនកោះតៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះ Chipជាប់កិច្ចសន្យាធំបំផុតរបស់ពិភពលោក ត្រូវការការយល់ព្រមពីរដ្ឋាភិបាល ដែលរួមទាំង សម្រាប់រោងចក្រដ៏មានសក្តានុពលនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ។
លោក Wu និយាយថា រដ្ឋាភិបាលកោះតៃវ៉ាន់ ពុំបានដាក់លក្ខខណ្ឌលើការវិនិយោគដោយក្រុមហ៊ុន TSMCនោះទេ ហើយវាគឺជាក្រុមហ៊ុនខ្លួនឯងទេ ដែលត្រូវសម្រេចចិត្តថា តើគម្រោងរបស់ពួកគេនឹងរកបានប្រាក់ចំណេញ ឬយ៉ាងណា ។
លោក Wu បន្តថា កោះតៃវ៉ាន់នឹងមិនរារាំងការវិនិយោគនៅអឺរ៉ុបនោះទេ ប៉ុន្តែមាននូវបញ្ហាទស្សនវិជ្ជាដែលប្រទេសមួយចង់បានការជួយពីកោះតៃវ៉ាន់ ត្រូវតែពិចារណាលើទំហំ នៃទំនាក់ទំនងធំទូលាយជាងនេះ ជាមួយកោះតៃវ៉ាន់ ៕ អត្ថបទ៖ សារ៉ាត់

