រូបភាពវីដេអូឃ្លីបថតបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញទីក្រុង Sao Leopoldo(សាវ ឡេវប៉ូលឌូ)ទាំងមូលស្ថិតនៅរដ្ឋភាគខាងត្បូង Rio Grande do Sul(រីយ៉ូ ក្រែនឌូស៊ូល) របស់ប្រទេសប្រេស៊ីល រងការជន់លិចទាំងស្រុង ក្រោយការវាយប្រហារដោយព្យុះស៊ីក្លូន កាលពីរយៈពេល ១ថ្ងៃមុន ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធររដ្ឋ បានឲ្យដឹងថា មនុស្សយ៉ាងហោច ១១នាក់ បានស្លាប់នៅក្នុងរដ្ឋ Grande do Sul ។
រដ្ឋបាលរដ្ឋ បាននិយាយនៅក្នុងការបញ្ចេញព័ត៌មានថា ព្យុះស៊ីក្លូន បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ហើយការរុករករបស់ឧទ្ធម្ភាគចក្រ បានចាប់ផ្តើមនៅតាមតំបន់ដែលរងការជន់លិច ដើម្បីស្វែងរកមនុស្ស ២០នាក់ផ្សេងទៀត ដែលបានបាត់ខ្លួន ។
លោក Eduardo Leite គឺជាអភិបាលរដ្ឋ Rio Grande do Sul បាននិយាយថា ក្រុមអាជ្ញាធរបានចុះប្រតិបត្តិការជួយសង្រ្គោះ ២.៤០០លើក នៅក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ ។
ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ បានសង់ទីជម្រកនៅតាមទីកន្លែងលេងកីឡា នៅក្នុងទីក្រុងរបស់ពួកគេ ហើយក្រុមអាជ្ញាធរ បានចេញការព្រមានផងដែរពីហានិភ័យ នៃបំណាក់ដីនៅតាមតំបន់ជាច្រើន ។
សូមបញ្ជាក់ថា ទឹកជំនន់ស្លាប់មនុស្សនៅក្នុងប្រទេសប្រេស៊ីល បានក្លាយជារឿងធម្មតាទៅហើយ ហើយវាបណ្តាឲ្យមានការខូចខាតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕ អត្ថបទ៖ សារ៉ាត់

