ភ្នំពេញ ៖ ក្រុមអាជីវករលក់ផ្លែទុរេននៅរាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា តម្លៃទុរេននៅតែខ្ពស់ប្រហាក់ប្រហែល នឹងតម្លៃឆ្នាំមុន ស្របពេលដែលតម្រូវការទុរេនដាំក្នុងស្រុកក្នុងមួយរដូវៗ កើនឡើង។
លោក សួស គន្នី អាជីវករលក់ផ្លែឈើជាច្រើនប្រភេទ នៅតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា តម្លៃទុរេនលក់រាយឆ្នាំនេះ ប្រៀបធៀបនឹងឆ្នាំកន្លងទៅគឺមានតម្លៃប្រហាក់ប្រហែល ទៅតាមប្រភេទផ្លែទុរេនដែលយកពីតំបន់ខុសៗគ្នា។ ទុរេនមកពីខេត្តកំពង់ចាមថ្លៃ ២៨,០០០រៀល ក្នុង១គីឡូ ទុរេនមកពីខេត្តកោះកុង ប្រហែល ៣០,០០០ម៉ឺនរៀល ក្នុង១គីឡូ ដោយឡែក ទុរេនមកពីខេត្តកំពត ថ្លៃ៣៣,០០០រៀល ក្នុង១គីឡូ។
ចំណែកអ្នកស្រី ប៊ុន វ៉ា ដែលបាននាំយកផ្លែទុរេនដោយផ្ទាល់ពីចំការរបស់ខ្លួនផង និងទិញបន្ថែមពីចំការផ្សេងទៀតនៅខេត្តកំពត ដើម្បីយកមកលក់នៅទីក្រុងភ្នំពេញ បានប្រាប់ឱ្យដឹងថា ទុរេនដាំនៅខេត្តកំពត គឺមិនបានធ្លាក់ថ្លៃ ដោយសារពិបាកថែទាំ និងខូចខាតដោយសារកត្តាអាកាសធាតុក្តៅ ដែលផ្តល់ទិន្នផលធ្លាក់ចុះ។ សព្វថ្ងៃ ដំណាំទុរេនត្រូវបានដាំដុះច្រើនជាងគេនៅខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង កោះកុង មណ្ឌលគិរី និងខេត្តពោធិ៍សាត់ ។ ចំពោះរសជាតិនៃទុរេនវិញ គឺទុរេនខេត្តកំពត ត្រូវបានគេទទួលស្គាល់ថា ផ្អែមឈ្ងុយ លើទុរេនដែលដាំនៅខេត្តផ្សេងទៀត ឬទុរេននាំចូលពីប្រទេសជិតខាង។
ទោះបីមានចំការទុរេន នៅតាមបណ្តាខេត្តមួយចំនួនក៏ដោយ កម្ពុជានៅតែនាំចូលទុរេនពីប្រទេសជិតខាង មាន វៀតណាម និងថៃ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក។ ការនាំចូលទុរេនពីក្រៅប្រទេសនេះ មិនបានទាញតម្លៃទុរេនក្នុងស្រុកធ្លាក់ចុះនោះទេ ដោយសារតម្រូវការទុរេនដាំក្នុងស្រុកកើនឡើង ជាពិសេសទិន្នផលទុរេនដាំក្នុងស្រុកនៅទាបជាតម្រូវការ។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងពីគម្រោងបង្កើតសមាគមទុរេនខេត្តកំពត និងសិក្សានិងពិនិត្យលទ្ធភាពចុះបញ្ជីម៉ាកទុរេន ដើម្បីជំរុញការដាំទុរេនក្នុងស្រុក មិនត្រឹមតែសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនោះទេ ប៉ុន្តែថែមទាំងសម្រាប់នាំចេញទៅក្រៅប្រទេស៕
អត្ថបទ ៖ ឈិត បូរ៉ាវី