ក្រុមអាជ្ញាធរសុខាភិបាលនិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសហ្សំប៊ី បានរកឃើញករណីឆ្លងថ្មីជំងឺ COVID-19 ចំនួន ២០៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ស្របពេលដែលប្រទេសនៅអាហ្វ្រិកខាងត្បូងមួយនេះ ចាប់ផ្តើមមើលឃើញការហក់ឡើងខ្ពស់ការរីករាលឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។
ករណីឆ្លងនេះ ត្រូវបានរកឃើញអំឡុងការធ្វើតេស្តមនុស្ស ២.២៣១នាក់ ពោលគឺស្មើនឹងការរកឃើញករណីវិជ្ជមានប្រចាំថ្ងៃ ៩ភាគរយ ។
លោកស្រី Sylvia Masebo គឺជារដ្ឋមន្រ្តីក្រសួងសុខាភិបាលហ្សំប៊ី និយាយកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកស្រី បានមើលឃើញករណីឆ្លងថ្មីជំងឺ COVID-19 ហក់ឡើងខ្ពស់ ចាប់តាំងពីថ្ងៃទី១៦ ខែឧសភារហូតមក ។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នេះបង្ហាញយ៉ាងច្បាស់ពីការកើតមានករណីឆ្លងជំងឺ COVID-19 ។ អត្រាធ្វើតេស្តវិជ្ជមានរបស់ពួកយើង ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ មានជាមធ្យម ៥ភាគរយ ដែលជាការបង្ហាញពីការកើនឡើងករណីឆ្លងកាន់តែច្រើនជាងមុន ។ "
លោកស្រីបានបញ្ជាក់ទៀតថា ប្រទេសរបស់លោកស្រី បានបាត់បង់មនុស្ស ២នាក់ ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ ក្រោយពុំបានរកឃើញករណីស្លាប់ពាក់ព័ន្ធនឹងជំងឺ COVID-19 ក្នុងរយៈពេលជាង ៧៤ថ្ងៃ ៕ អត្ថបទ៖ សារ៉ាត់



