ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានដើរដង្ហែតាមផ្លូវកាលពីថ្ងៃសៅរ៍ (១៧ មិថុនា) ដូចដែលពួកគេបានធ្វើរៀងរាល់សប្តាហ៍ ដើម្បីប្រឆាំងនឹងសំណើកំណែទម្រង់តុលាការរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ដែលនឹងផ្តល់ឱ្យអ្នកនយោបាយនូវអំណាចកាន់តែទូលំទូលាយក្នុងការជ្រើសរើសក្រុមចៅក្រម។ កំណែទម្រង់នេះក៏នឹងរឹតត្បិតអំណាចរបស់តុលាការកំពូលក្នុងការលុបចោលច្បាប់ផងដែរ។

ក្រុមបាតុករអាចទាមទារជោគជ័យបានខ្លះ ដោយថាផែនការនេះមិនត្រូវបានអនុម័តលឿនដូចលោក Netanyahu សង្ឃឹមនោះទេ ប៉ុន្តែរដ្ឋាភិបាលរបស់លោកនៅតែប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរនេះ។
ដោយស្ថិតក្រោមសម្ពាធទាំងក្នុងប្រទេស និងក្រៅប្រទេស លោក Netanyahu បានយល់ព្រមពន្យារពេលកំណែទម្រង់នេះ ដើម្បីព្យាយាមចរចាជាមួយក្រុមប្រឆាំងនូវចំណុចកណ្តាលមួយ ប៉ុន្តែបន្ទាប់ពីផ្លាស់ប្តូរការផ្តោតទៅលើការអនុម័តថវិការដ្ឋកាលពីសប្តាហ៍មុន ផែនការដែលមានការប្រកួតប្រជែងខ្លាំងនេះ គឺជាប្រធានបទសំខាន់ក្នុងការតវ៉ាជាថ្មីម្តងទៀត។
ក្រុមអ្នករិះគន់មើលឃើញថា មានការគំរាមកំហែងដល់ឯករាជ្យភាពរបស់តុលាការដោយនាយករដ្ឋមន្ត្រីរូបនេះ ដែលកំពុងស្ថិតក្នុងសវនាការលើការចោទប្រកាន់ពីបទពុករលួយដែលលោកបានបដិសេធ។
ប្រធានាធិបតីអ៊ីស្រាអែល ដែលតំណែងរបស់លោកគ្រាន់តែជាពិធីការនោះ បានកំពុងសម្រុះសម្រួលគ្នារវាងក្រុមចម្រុះ និងក្រុមប្រឆាំង។ រហូតមកទល់ពេលនេះមិនទាន់មានអ្វីលេចឡើងទេ៕ អត្ថបទ៖ ស្រីទាវ
