ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនក្រោមកិច្ចព្រមព្រៀងដែលធានាសុវត្ថិភាពឆ្លងកាត់សមុទ្រខ្មៅ មិនបានជួយដោះស្រាយបញ្ហារបស់ទ្វីបអាហ្រ្វិកជាមួយនឹងតម្លៃស្បៀងអាហារពិភពលោកហក់ឡើងខ្ពស់នោះទេ ខណៈដែលមានតែ ៣% នៃគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនប៉ុណ្ណោះដែលបានទៅដល់បណ្ដាប្រទេសក្រីក្របំផុត នេះបើតាមប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំអាហ្វ្រិកកាលពីថ្ងៃសៅរ៍ (១៧ មិថុនា)។

លោកពូទីន បាននិយាយថា វិបត្តិស្បៀងអាហារត្រូវបានបង្កឡើងដោយសកម្មភាពរបស់បណ្តាប្រទេសលោកខាងលិច មិនមែនដោយសារអ្វីដែលរុស្ស៊ីហៅថាជា "ប្រតិបត្តិការយោធាពិសេស" នៅអ៊ុយក្រែននោះទេ។
បណ្ដាមេដឹកនាំមកពីប្រទេសអាហ្រ្វិកខាងត្បូង សេណេហ្គាល់ អេហ្ស៊ីប ហ្សំប៊ី អ៊ូហ្គង់ដា សាធារណរដ្ឋកុងហ្គោ និងប្រជុំកោះកូម៉ូរ៉ូ បានជួបជាមួយលោក ពូទីន នៅវិមាន Konstantinovsky សតវត្សទី ១៨ របស់រដ្ឋាភិបាលក្នុងក្តីសង្ឃឹមនៃការសម្រុះសម្រួលក្នុងជម្លោះជាមួយអ៊ុយក្រែន បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅទីក្រុងគីវកាលពីថ្ងៃសុក្រ៕ អត្ថបទ៖ ស្រីទាវ
