ប្រជាជនស៊ែរប៊ីរាប់ម៉ឺននាក់ បានរៀបចំការប្រមូលផ្ដុំព្រមគ្នានៅក្នុងទីក្រុងចំនួនបួនកាលពីថ្ងៃសៅរ៍ (១៧ មិថុនា) ដែលជាការតវ៉ាប្រចាំសប្តាហ៍ទី ៧ ចាប់តាំងពីការបាញ់ប្រហារទ្រង់ទ្រាយធំចំនួនពីរបានបង្កឱ្យមានប្រតិកម្មប្រឆាំងរដ្ឋាភិបាល។
នៅរដ្ឋធានី Belgrade ក្រុមបាតុករបានបិទផ្លូវហាយវេដ៏សំខាន់មួយ ហើយទាមទារឱ្យសមាជិករដ្ឋាភិបាលទទួលខុសត្រូវចំពោះការអនុញ្ញាតឱ្យមានវប្បធម៌ នៃអំពើហិង្សា ដែលពួកគេបាននិយាយថាជាដើមហេតុចំពោះការសម្លាប់មនុស្សចំនួន ១៨ នាក់កាលពីថ្ងៃទី ៣ និងទី ៤ ខែឧសភា។

ប្រទេសស៊ែរប៊ីត្រូវបានរង្គោះរង្គើកាលពីខែមុន ដោយការបាញ់ប្រហារដែលមិនធ្លាប់មានពីមុនមកចំនួនពីរករណីបានកើតឡើងនៅថ្ងៃជាប់ៗគ្នា។ ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីមហាផ្ទៃប្រទេសស៊ែរប៊ីលោក Bratislav Gasic និងប្រធានសេវាសម្ងាត់លោក Aleksandar Vulin ដែលពួកគេបានស្តីបន្ទោសអ្នកទាំងពីរនោះចំពោះការបរាជ័យក្នុងការនាំខ្លួនក្រុមឧក្រិដ្ឋជនមកកាត់ទោស។
នាយករដ្ឋមន្ត្រីស៊ែរប៊ីលោកស្រី Ana Brnabic បាននិយាយកាលពីសប្តាហ៍មុនថា លោកស្រីសុខចិត្តលាលែងពីតំណែង ហើយបានអញ្ជើញភាគីក្រុមប្រឆាំងដែលបានគាំទ្រការតវ៉ា ឱ្យចូលរួមការសន្ទនា។ ប៉ុន្តែបណ្ដាមេដឹកនាំបាតុករបាននិយាយថា ពួកគេនឹងមិននិយាយជាមួយរដ្ឋាភិបាលទេរហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ៕ អត្ថបទ៖ ស្រីទាវ
