ភ្នំពេញ ៖ លោក មេត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ខ្លី នៅព្រឹកនេះថា មកទល់ពេលនេះ ពុំទាន់មានការសម្រេចឱ្យបើកដំណើរការផ្សារជាថ្មីវិញនោះទេ។
គិតមកត្រឹមថ្ងៃទី ១២ខែឧសភាឆ្នាំ ២០២១ នេះ សាលារាជធានីភ្នំពេញ ពុំទាន់មានការសម្រេចក្នុងការបើកដំណើរការផ្សារទូទាំងរាជធានីភ្នំពេញវិញនោះទេ។ នេះជាការបញ្ជាក់របស់ លោក មេត មាសភក្ដី ជាអ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ នៅព្រឹកនេះ។ លោក បានបន្តថា ផ្សារទាំងអស់អាចបន្តបិទ តែក្នុងរយៈពេលប៉ុន្មានទៀត ក៏មិនទាន់មានការសម្រេចនោះទេ។ ចំពោះលក្ខខណ្ឌ រឺ ការកំណត់ជាវិធានការតឹង រឹងបែបណា ចំពោះការបើកដំណើរការផ្សារជាថ្មី ក៏មិនទាន់មានការបញ្ជាក់ច្បាស់លាស់បន្ថែមនោះទេ។ ការបញ្ជាក់បែបនេះ គឺស្របពេលដែលការសម្រេចកន្លងទៅរបស់រដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការផ្អាកដំណើរការផ្សារ គឺបន្តបិទរហូតដល់ថ្ងៃទី ១៤ខែឧសភាឆ្នាំ ២០២១។
កំឡុងពេលនៃការផ្អាកផ្សារជាបណ្ដោះអាសន្នមួយរយៈមកនេះ គណៈកម្មការផ្សារនីមួយបានបំពេញសកម្មភាពមួយចំនួន ដើម្បីត្រៀមសម្រាប់ការបើកដំណើរការជាថ្មី បើសិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។ ជាការងារសកម្មភាពរបស់ ផ្សារបឹងកេងកង តាមការលើកឡើងរបស់លោក ឯក និមល ជាប្រធានផ្សារបានបញ្ជាក់ប្រាប់នៅព្រឹកនេះថា គណៈកម្មការផ្សារបានរៀបចំការងារសណ្ដាប់ធ្នាប់ទូទៅជាប្រចាំ និងលើកទឹកចិត្តឱ្យអាជីវករបន្តការពារខ្លួន និងទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសុវត្ថិភាពផងដែរ។
សម្រាប់ផ្សារ ច្បារអំពៅវិញ នៅព្រឹកនេះគណៈកម្មការផ្សារកំពុងរៀបចំកន្លែងលក់ឱ្យមានរបៀប និងរៀបចំផ្លូវជុំវិញផ្សារឱ្យមានគម្លាត ដោយទុកទំហំផ្លូវឱ្យបាន ៤ម៉ែត្រ ដោយកន្លងមកផ្លូវជុំវិញផ្សារគឺមានភាពចង្អៀត សល់ទំហំត្រឹមតែប្រមាណ១ម៉ែត្រកន្លះតែប៉ុណ្ណោះ។ លើកពីនេះផ្សារ ក៏បានលាងសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ផងដែរ។ ក្នុងកំឡុងពេលបន្តបិទនេះ លោកជាប្រធានផ្សារសំណូមពរឱ្យអាជីវករ បន្តការអត់ធ្មត់ និងលើកទឹកចិត្តឱ្យអាជីវករគ្រប់គ្នាទទួលការចាក់វ៉ាក់សាំងឱ្យបានមុនបើកដំណើរការផ្សារជាថ្មី។
ផ្អែកតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ឧសភា បង្ហាញថា ផ្សាររដ្ឋក៏ដូចជាផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ គឺត្រូវបន្តផ្អាកជាបណ្ដាអាសន្នចាប់ពីថ្ងៃទី ៨ ខែឧសភាដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។ យ៉ាងណាម៉ិញ លោក មេត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ខ្លីនៅព្រឹកនេះថា ផ្សារទាំងអស់នៅរាជធានីភ្នំពេញ អាចបន្តរយៈពេលបិទបន្ថែមទៀត តែពុំទាន់មានការកំណត់រយៈពេលច្បាស់លាស់នោះទេ។ ចំពោះលក្ខខណ្ឌ រឺការកំណត់ជាវិធានការតឹងរឹងបែបណា ចំពោះការបើកដំណើរការផ្សារជាថ្មី ក៏ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ផងដែរ៕
អត្ថបទ ៖ គឹមហុក