សាលាពុទ្ធិកបឋមសិក្សាវត្តព្រែកថ្លឹង និងសាលាសង្កាត់ព្រែកកំពឹស ទទួលបានសៀវភៅពុម្ភសិក្សាថ្នាក់ទី៥ និងទី៦ និងសៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត សរុបចំនួន ២៥៤ក្បាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើឡើងថា ឆ្លើយតបនឹងការស្នើសុំបិណ្ឌបាត្រពីព្រះគ្រូចៅអធិការវត្តព្រែកថ្លឹង សាមគ្គីភាពនៃថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសមាគម ព្រមទាំងសប្បុរសជន បានប្រគេនសៀវភៅពុម្ភសិក្សាទី៥ និងទី៦ ដល់សាលាពុទ្ធិកបឋមសិក្សា វត្តព្រែកថ្លឹង ជាមួយនិងសៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមទៀត និងជូនដល់សាលាសង្កាត់ព្រែកកំពឹស ផងដែរ ។ លោកបានបន្តថា ការប្រគេន និងប្រគល់ទទួលសៀវភៅដែលសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត ខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។
ជាមួយគ្នានោះ ព្រះគ្រូធម្មបញ្ញាចារ្យ ចាន់ ប៊ុនហឿន ព្រះចៅអធិការវត្តព្រែកថ្លឹង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងសមាជិក-សមាជិកា ព្រមទាំងក្រុមការងារសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ទាំងអស់ ដែលបានផ្តល់សៀវភៅពុម្ភសិក្សាថ្នាក់ទី៥ និងទី៦ ដល់សមណសិស្សដែលបាននិងកំពុងសិក្សានៅសាលាពុទ្ធិកបឋមសិក្សា វត្តព្រែកថ្លឹង ជាមួយនិងសៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាសៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ ។ ព្រះគ្រូចៅអធិការ បានបន្តសង្ឃដីកាថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់សមណសិស្សទាំងអស់បានសិក្សាឈ្វេងយល់ និងទុកសម្រាប់ជាកេរមរតកដល់កូនចៅខ្មែរតគ្រប់ៗជំនាន់តរៀងទៅ ។
ក្នុងឱកាសនោះដែរ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស មានសេចក្តីសោមនស្សបំផុត ដោយបានទទួលសៀវភៅប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត យកទៅតម្កល់ទុកនៅរដ្ឋបាលសង្កាត់សៀវភៅ ដើម្បីឲ្យមន្ត្រីសាលាសង្កាត់ និងព្រះសង្ឃ សិក្សា នៅសាលាពុទ្ធិក បានឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគតផងដែរ៕ អត្ថបទ៖ ឌី ពៅយី







