ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) បានចុះពិនិត្យព្យាបាលជំងឺរបស់ប្រជាពលរដ្ឋខ្មែរ និងបងប្អូនខ្មែរឥស្លាមប្រមាណជាង ៥០០នាក់ នៅក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលសកម្មភាពនេះ គឺបានបង្ហាញពីការចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍កម្ពុជា ឲ្យកាន់តែល្អប្រសើរ ។
ដោយសកម្មភាពនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមជំនួយរបស់សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម សហការជាមួយសមាគមពិភពលោក នៃក្ដីមេត្តា នៃរដ្ឋកូវ៉ែត ។
ក្នុងពិធីបើកគម្រោងផ្ដល់សេវាលើកកម្ពស់សុខភាពសហគមន៍កម្ពុជានេះ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការចុះពិនិត្យព្យាបាលជំងឺរបស់ពលរដ្ឋ នៅតាមមូលដ្ឋាននេះ គឺជាការចូលរួមចំណែកមួយ ជាមួយរាជរដ្ឋាភិបាល ដែលកំពុងខិតខំណាស់ ចំពោះការលើកកម្ពស់សុខភាពរបស់ពលរដ្ឋ ។
ឯកឧត្តមបន្តថា ផ្ដើមចេញពីបាតដៃទទេ គឺក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ គឺវិស័យសុខាភិបាលនៅកម្ពុជា មានភាពលំបាកខ្លាំងណាស់ គ្មានអគារមន្ទីរពេទ្យល្អៗ បរិក្ខាពេទ្យមានការខ្វះខាត មិនមានភាពទំនើប ប៉ុន្តែបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន វិស័យសុខាភិបាលមានការរីកចម្រើនខ្លាំង គឺអគារមន្ទីរពេទ្យបានផុសឡើងជាបន្តបន្ទាប់ទាំងនៅក្នុងរាជធានី និងបណ្ដាខេត្ត រួមទាំងការបំពាក់នូវសម្ភារៈបរិក្ខាទំនើបៗ ហើយក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ ។
ឯកឧត្តមបន្ថែមថា ការរីកចម្រើននេះ មិនត្រឹមតែវិស័យសុខាភិបាលមួយប៉ុណ្ណោះទេ គឺវិស័យជាច្រើនក៏កំពុងមានការវិវឌ្ឍន៍ល្អផងដែរ ក្នុងនោះមានវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មជាដើម ដែលនេះបានបង្ហាញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ៕ អត្ថបទ៖ បាន សុខរិទ្ធ




