ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមផ្ទាល់ ចំនួន៦៤៥នាក់ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចែកឱសថដោយឥតគិតថ្លៃ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ បានចំនួនសរុប១១,០១៨នាក់ ស្ថិតក្នុងអនុវិទ្យាល័យព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។
ក្នុងនាមប្រធានកិតិ្តយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណជូនចំពោះអាជ្ញាធរពាក់ព័ន្ធ និងថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចុះកៀកកិតស្និទជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ សកម្មភាពថ្ងៃនេះ គឺមានគ្រូពេទ្យស្ម័គ្រចិត្តមកពីរាជធានីភ្នំពេញ ចំនួនជាង៣០០នាក់ និងគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំនៅខេត្តព្រៃវែង ចំនួនជាង៣០០នាក់ ដើម្បីពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងចែកឱសថ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលៈបង់ពេលវេលា ដើម្បីមកចូលរួមចំណែកលើកកម្ពស់សុខភាពជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣ មានអាយុកាល១១ឆ្នាំមកហើយ និយាយជារួមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានគ្រូពេទ្យចំនួន១២,០៦៩នាក់ ចុះព្យាបាលជំងឺបានចំនួន១០៧៩លើក និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,៧៨២,៨២១នាក់ (ដប់មួយលាន ចិតសិបប្រាំបីម៉ឺន ពីរពាន់ ប្រាំបីរយ ម្ភៃមួយនាក់) ក្នុងនោះស្ត្រីមានចំនួន ៦,០២០,៨៥០នាក់ (ប្រាំមួយលាន ពីរម៉ឺន ប្រាំបីរយ ហាសិប នាក់) គិតត្រឹម ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ បានចំនួន២ ភាគ៣ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ សកម្មភាពសប្បុរសធម៌មួយនេះ គឺសម្បើមណាស់ និងសូមកោតសរសើរ អាជ្ញាធរ និងប្រជាពលរដ្ឋ គួបផ្សំជាមួយនឹងក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ និងសូមអរគុណសារជាថ្មី ជូនចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់។
ជាមួយគ្នានោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តព្រៃវែង ក្នុងការពិនិត្យ និងព្យាបាល ចែកឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងចុះយុទ្ធាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ជាការពិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ ពិតប្រាកដណាស់សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមិនអាចខ្វះបាននូវវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ លើសពីនេះទៅទៀតតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបន្ធូរបន្ថយវិស័យសុខាភិបាលក្នុងវិធានការគ្រប់គ្រងកូវីដ-១៩ លើកលែងពាក់ម៉ាស់ និងយកសំណាក។
សូមបញ្ជាក់ផងដែរថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១០,៥៦៦,២៣១ដូស (ដប់លានហាសិបប្រាំមួយម៉ឺនប្រាំមួយពាន់ពីររយសាមសិបមួយ ដូស)ក្នុង២៥រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៨៩,១៤១,០៥០ដុល្លារ (ប្រាំរយប៉ែតសិបប្រាំបួនលាន ដប់បួនម៉ឺន មួយពាន់ ហាសិបដុល្លារសហរដ្ឋអាមេរិក)៕ អត្ថបទ៖ រដ្ឋា