អាមេរិក៖ ប្រមុខការទូតអាមេរិក លោក Antony Blinken នឹងជួបអ្នកការទូតជាន់ខ្ពស់ និងអាចជួបប្រធានាធិបតីចិននៅថ្ងៃចន្ទនេះ ជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងទប់ស្កាត់ការមិនឯកភាពគ្នាជាច្រើនរបស់គូប្រជែងជាយុទ្ធសាស្រ្ត កុំឲ្យទំនាក់ទំនងកាន់តែដុនដាបថែមទៀត។

ជាប្រមុខការទូតដំបូងរបស់សហរដ្ឋអាមេរិក ដែលបានទៅបំពេញទស្សនកិច្ចក្នុងប្រទេសចិន រយៈពេល៥ឆ្នាំមកនេះ លោក Blinken បានជួបពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា រយៈពេល៧ម៉ោងកន្លះ ជាមួយប្រមុខការទូតចិន លោក ឈីន កាង (Qin Gang) កាលពីថ្ងៃអាទិត្យ ទោះបី ជាប្រមុខការទូតទាំង២ពី ទំនងពុំបានបង្កើតវឌ្ឍភាពដ៏រឹងមាំស្ដីពីជម្លោះនានា ដែលរួមទាំង បញ្ហាកោះតៃវ៉ាន់ ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង ការនាំចូលទំនិញខុសច្បាប់ជាដើម ក៏ដោយក្ដី ។
ភាគីទាំង២ បានបង្ហាញបំណងរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាពទោះបីជាមន្ត្រីអាមេរិកមួយរូបបានហៅ ថាជាការខ្វែងគំនិតដ៏ជ្រៅក៏ដោយ និងបានឯកភាពថា លោកឈីន នឹងទៅបំពេញទស្សនកិច្ចក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការសន្ទនា បន្ថែមទៀត ត្បិតពុំបានប្រកាសពីកាលបរិច្ឆេទក៏ដោយ។

លោក Blinken នឹងជួបប្រមុខការទូតជាន់ខ្ពស់របស់ចិន លោក Wang Yi នៅថ្ងៃចន្ទនេះ ប៉ុន្តែ មានការផ្ដោតខ្លាំងទៅលើបញ្ហាថាតើលោកនឹងជួបលោកប្រធានាធិបតីចិន Xi Jinping ឬអត់ ។
ខណៈដែលភាគីទាំង២ បាននិយាយថា ការពិភាក្សាកាលពីថ្ងៃអាទិត្យ ប្រកបដោយការស្ថាបនា ប្រមុខការទូតទាំង២ទំនងជាបានព្រមព្រៀងតិចតួច ក្រៅតែពីការសន្ទនាដែលនឹងបន្តនៅឯជំនួបចុងក្រោយក្នុងទីក្រុងវ៉ាស៊ីនតោន និងកំពុងធ្វើការដើម្បីបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋរបស់ប្រទេសទាំង២ក្នុងការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២៕