បាល់ទាត់៖ ក្រុម FC Barcelona បានខ្ជះខ្ជាយឱកាសប្រជែងជើងឯក La Liga របស់ខ្លួនក្រោយនាំមុខ ២គ្រាប់ទៅហើយតែបានត្រឹមបញ្ចប់ការប្រកួតស្មើគ្នា ៣-៣ នៅទឹកដី Levante។ Lionel Messi និង Pedri រកបានម្នាក់មួយគ្រាប់នាំមុខអោយ Barcelona ក្នុងវគ្គទី១។

តែចូលវគ្គទី២ លេងបាន ១២នាទី Levante តាមបានមួយគ្រាប់វិញដោយ Gonzalo Melero នាទីទី៥៧ និងពីរនាទីបន្ទាប់ Levante ក៏តាមស្មើបានដោយ Jose Luis Moralles។ Ousmane Dembele ក្រោយមកក៏ស៊ុតគ្រាប់នាំមុខសារជាថ្មីអោយ Barcelona នៅនាទីទី៦៤ តែជាថ្មីទៀតហៀបនឹងចប់ការប្រកួតទៅហើយ Levante ក៏តាមស្មើទៀតនៅនាទីទី៨៣ ដោយ Sergio Leon។ ជ័យជំនះយប់មិញអាចធ្វើអោយ Barcelona ឡើងកំពូលតារាងបាន តែនៅពេលនេះបានត្រឹមឡើងមកលេខ២ ពីលើ Real Madrid ១ពិន្ទុ និងដេញពីក្រោយ Atletico Madrid ១ពិន្ទុតែក្រុមនៅទីក្រុង Madrid ទាំងពីរនៅសល់ ១ប្រកួតក្នុងដៃ។ Atletico Madrid ត្រូវទទួល Real Sociedad យប់នេះ ខណៈ Real Madrid ទៅផ្ទះ Grenanda យប់ស្អែក៕
អត្ថបទ៖នាង សុភាវុធ