
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ ដោយមោទកភាពចំពោះសមិទ្ធផលដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ដោយសារតែកត្តាសុខសន្តិភាព គឺវាផ្ទុយពីប្រទេសដែលមានសង្គ្រាមគឺមានតែការបំផ្លិចបំផ្លាញ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ដោយមោទកភាពយ៉ាងដូច្នះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩មិថុនានេះ។
សម្តេច បានយកការប្រៀបធៀបរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យឃើញយ៉ាងជាក់ស្តែង ដែលម្ខាងប្រទេសកម្ពុជាមានសន្តិភាពកំពុងតែមានការអភិវឌ្ឍបើទោះបីក្នុងកាលៈទេសៈវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ប៉ុន្តែនៅឯមីយ៉ាន់ម៉ាវិញ ជាប្រទេសមានសង្គ្រាម គឺមានតែការបំផ្លិចបំផ្លាញ។
សូមបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនេះ គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងទៅដល់ក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (Agence Française de Développement) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)៕