រុស្ស៊ី៖ ស្ថាប័នពិភពលោកបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងមូស្គូ បានបដិសេធការផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិដើម្បីជួយពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ពីការបាក់ធ្លាយទំនប់ទឹក Kakhovka ខណៈចំនួនអ្នកស្លាប់បានកើនឡើង និងទឹកកខ្វក់បានបង្ខំឱ្យបិទឆ្នេរសមុទ្រនានានៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ការបាក់ធ្លាយទំនប់ទឹកដែលគ្រប់គ្រងដោយទីក្រុងមូស្គូកាលពីថ្ងៃទី ៦ ខែមិថុនា បានបណ្តាលឱ្យមានទឹកជំនន់នៅទូទាំងប្រទេសអ៊ុយក្រែនភាគខាងត្បូង និងផ្នែកនានាដែលគ្រប់គ្រងដោយរុស្ស៊ីក្នុងតំបន់ Kherson ដោយបានបំផ្លាញលំនៅឋាននិងដីធ្វើកសិកម្ម និងកាត់ផ្តាច់ការផ្គត់ផ្គង់ទៅដល់ពលរដ្ឋ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥២ នាក់ ដោយមន្ត្រីរុស្ស៊ីបាននិយាយថា មនុស្ស ៣៥ នាក់បានស្លាប់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ហើយក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន បាននិយាយថាមនុស្ស ១៧ នាក់បានស្លាប់ និង ៣១ នាក់កំពុងបាត់ខ្លួន។ មនុស្សជាង ១១.០០០ នាក់ត្រូវបានជម្លៀសចេញពីផ្នែកទាំងសងខាង។ អង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេសរុស្ស៊ីមានចំណាត់ការ ស្របតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ លោក Denise Brown អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយពុំអាចត្រូវបានបដិសេធចំពោះប្រជាជានដែលត្រូវការវានោះទេ។

អ៊ុយក្រែនចោទរុស្ស៊ីថាបានទម្លាយទំនប់ទឹកសម័យសូវៀត ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃដំបូងនៃការឈ្លានពានរបស់ខ្លួនក្នុងឆ្នាំ ២០២២។ ក្រុមអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ដែលកំពុងជួយរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែនក្នុងការស៊ើបអង្កេតរបស់ពួកគេ បាននិយាយថា ការបាក់ទំនប់ទឹកនេះ"មានអត្រាខ្ពស់" បណ្តាលមកពីគ្រឿងផ្ទុះដែលបានដាក់ដោយភាគីរុស្ស៊ី៕