អ៊ីស្រាអែល៖ តំណាងរាស្រ្តជាន់ខ្ពស់មួយរូបរបស់គណបក្សលីឃូដ(Likud) បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលបានផ្សាយកាលពីចុងសប្ដាហ៍ថា អ៊ីស្រាអែលអាចរកឃើញការយោគយល់ដែលអាចទទួលយកបានរវាងសត្រូវដ៏ជូរចត់ របស់ខ្លួនគឺអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប្រសិនបើកិច្ចព្រមព្រៀងនោះរួមបញ្ចូលទាំងការគ្រប់គ្រងដ៏ហ្មត់ចត់នៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

យោងតាមក្រុមមន្ត្រីអ៊ីរ៉ង់ និងលោកខាងលិច ទីក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធដ៏សំខាន់របស់អ៊ីស្រាអែល នឹងរៀបចំកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ ដើម្បីពង្រីកជំហាននានា ដែលអាចរួមទាំងការកម្រិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ជំហានទាំងនោះ នឹងចាត់ទុកថាជាការយោគយល់ជាជាងកិច្ចព្រមព្រៀង ដែលតម្រូវឲ្យពិនិត្យឡើងវិញដោយសភាសហរដ្ឋអាមេរិក ដូចជាកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានបោះបង់ចោលកាលពីឆ្នាំ២០១៨។
លោក យូលី អេឌេលស្តេន (Yuli Edelstein )ប្រធានគណៈកម្មការកិច្ចការបរទេសនិងការពារជាតិរបស់អ៊ីស្រាអែល បានប្រាប់កម្មវិធីទូរទស្សន៍ ប្រចាំសប្ដាហ៍ Meet the Press នៃទូរទស្សន៍ Channel 12 របស់សហរដ្ឋអាមេរិកថា នេះមិនមែនជាកិច្ចព្រមព្រៀងមានដែនកំណត់ធំនោះទេ វាប្រៀបបាននឹងកិច្ចព្រមព្រៀងរតួចតាចមួយប៉ុណ្ណោះ វាជាអនុសារណៈនៃការយោគយល់គ្នា ឬ M.O.U. ហើយលោកគិតថាអ៊ីស្រាអែលអាចទទួលស្គាល់ប្រសិនបើមានការគ្រប់គ្រងពិតប្រាកដ។

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានច្រានចោលមិនធ្វើសេចក្ដីអត្ថាធិប្បាយលើការអះអាងខាងលើថាតើ ការអត្ថាធិប្បាយរបស់សមាជិកគណបក្សលីឃូដ លោក អេឌេលស្តេន បញ្ជាក់ពីទស្សនៈរបស់លោកនាយករដ្ឋមន្ត្រី ឬអត់៕