ឥណ្ឌា៖ ទស្សនាវដ្ដីព័ត៌មានជាភាសាអង់គ្លេស India Today បានចុះផ្សាយ កាលពីថ្ងៃអាទិត្យថា មនុស្សចំនួន ៩៨នាក់ បានស្លាប់ដោយសារតែអាកាសធាតុក្ដៅខ្លាំង នៅក្នុងរដ្ឋ Uttar Pradesh និង Bihar របស់ប្រទេសឥណ្ឌា។
សេចក្ដីការណ៍ពីទស្សនាវដ្ដីនោះ បានឲ្យដឹងថាមនុស្ស ៥៤នាក់ បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh ខណៈ ៤៤នាក់ទៀត នៅឯរដ្ឋជិតខាង Bihar ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ។

អាជ្ញាធរឧតុនិយមរបស់ប្រទេសឥណ្ឌា បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃសៅរ៍ថា សីតុណ្ហភាពបានឡើងខ្ពស់លើសពី ៤០អង្សាសេ នៅក្នុងរដ្ឋ Uttar Pradesh និងរដ្ឋ Bihar ក៏ដូចជារដ្ឋផ្សេងទៀតនៅក្នុងប្រទេសនេះ។
សេចក្ដីរាយការណ៍បានបន្ថែមថា៖ «រលកកម្ដៅឆ្ពោះទៅកាន់ស្ថានភាពរលកកម្ដៅខ្ពស់ខ្លាំង ទំនងជាបន្តលើប្រទេសឥណ្ឌាខាងកើត ភាគកណ្ដាលភាគខាងកើត និងឧបទ្វីបភាគខាងកើត ក្នុងអំឡុងពេល ៣ ទៅ៤ថ្ងៃខាងមុខ»៕
