
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើដល់រដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប បន្តផ្តល់ជំនួយឥតសំណង និងកម្ចីហិរញ្ញវត្ថុដល់កម្ពុជាបន្ថែមទៀត សម្រាប់គម្រោងទី៣ នៃរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាត នៅរាជធានីភ្នំពេញ ព្រោះតម្រូវការទឹកស្អាតបានកើនឡើង ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ក្នុងខណ្ឌជ្រោយ ចង្វារ នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈការអភិវឌ្ឍ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាបន្តបន្ទាប់ វានឹងជួយជំរុញឲ្យវិស័យអចលនទ្រព្យ ជាពិសេសគម្រោងបុរី កាន់តែរីកដុះដាលបន្ថែមទៀត និងកាត់បន្ថយការខ្វះខាតទឹកស្អាតប្រើប្រាស់ ដូច្នេះគម្រោង ទី៣ នាពេលខាងមុខនេះ គប្បីបារាំងបន្តជួយផ្តល់កម្ចីបន្ថែមទៀត ដោយកុំភ័យថា កម្ពុជាខ្វះលទ្ធភាពសងឲ្យសោះ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សំណើសុំជំនួយរបស់សម្តេចពីបារាំង និងសហភាពអឺរ៉ុប នាពេលនេះ គឺដើម្បីផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ។ យ៉ាងណាក៏ដោយ នាឱកាសនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអរគុណជប៉ុន បារាំង និងសហភាពអឺរ៉ុប ដែលផ្ដល់ថវិកាសម្រាប់បង្កើតរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅរាជធានីភ្នពេញនាពេលកន្លងមកផងដែរ ៕អត្ថបទ៖ បាន ចក់