តាខ្មៅ ៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ នឹងធ្វើការវិនិច្ឆ័យភូមិតាខ្មៅ២ ឬហៅតំបន់ភូមិវប្បធម៌ នៅក្នុងសង្កាត់តាខ្មៅ ដែលកន្លងមក បានចាត់ជាតំបន់ក្រហម នឹងធ្វើការវិនិច្ឆ័យប្រែជាតំបន់លឿងទុំវិញ ហើយតាមរយៈការវិនិច្ឆ័យឡើងវិញ គឺបានធ្វើអោយក្រុងតាខ្មៅទាំងមូលក្លាយជាតំបន់លឿងទាំងស្រុង។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងប្រាប់BTV ថា នៅទូទាំងក្រុងតាខ្មៅ គិតមកដល់ព្រឹកថ្ងៃទី១២ ខែឧសភានេះ គឺមានតែភូមិចំនួនមួយប៉ុណ្ណោះ គឺភូមិតាខ្មៅ២ ឬហៅភូមិវប្បធម៌ កំពុងស្ថិតក្នុងតំបន់ក្រហម ហើយនៅថ្ងៃនេះ រដ្ឋបាលខេត្តកណ្តាល នឹងធ្វើការវិនិច្ឆ័យឡើងវិញកំណត់ភូមិនេះ ទៅជាតំបន់លឿងទុំវិញ ខណៈនៅថ្ងៃចុងក្រោយនេះ តាមរយៈឧបករណ៍ Rapid Test គឺយើងបានយកទៅធ្វើតេស្តពិនិត្យសំណាករកមេរោគកូវីដ-១៩ លើអ្នកភូមិដែលកំពុងបិទខ្ទប់នោះ បានរកឃើញអ្នកភូមិនេះ មានឆ្លងថ្មីចំនួនតែ៤នាក់ បន្ថែមទៀត និងបានបញ្ជូនទៅព្យាបាលយ៉ាងត្រឹមត្រូវ។
ឯកឧត្តម បញ្ជាក់ថា កាលពីមុននៅក្រុងតាខ្មៅ មានសង្កាត់ចំនួន៤ ក្នុងចំណោមសង្កាត់ចំនួន១០ បានចាត់ជាតំបន់លឿងទុំ មកដល់បច្ចុប្បន្ននេះ គឺបានចាត់ជាតំបន់លឿងអស់ហើយ។ ហើយបើយើងពិនិត្យស្ថានភាពក្រុងតាខ្មៅជារួម នៅក្នុងរយៈពេល៦ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ កត់សំគាល់ឃើញថា ចរាចរណ៍ធ្វើដំណើរនៃអ្នកដំណើរនៅតាមដងផ្លូវ គឺមានការពាក់ម៉ាស់ទាំងអស់គ្នា ហើយ ស្ទើរគ្រប់មូលដ្ឋានអាជីវកម្មតូចធំ ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងអាហារដ្ឋាននៅតាមទីសាធារណៈនានា ត្រូវបានបើកដំណើរការឡើងវិញជាធម្មតា លើកលែងតែផ្សារតាខ្មៅថ្មី និងផ្សារតាខ្មៅចាស់ គឺមិនទាន់បានបើកដំណើរការឡើងវិញ ហើយមូលដ្ឋានអាជីវកម្មនានាដែលច្បាប់បានតម្រូវអោយបិទជាបណ្តោះអាសន្ន មានដូចជា ហាងលក់ស្រាបៀរ ក្លឹបបៀរហ្គាឌិន KTV ខារ៉ាអូខេ និងមណ្ឌលកម្សាន្តនានាទៀត គឺមិនទាន់អនុញ្ញាតអោយបើកឡើងវិញនោះទេ។
ឯកឧត្តម គង់ សោភ័ណ្ឌ បន្តថា ដោយឡែកគ្រប់ស្រុកនានា ដែលនៅជាប់នឹងបណ្តាខណ្ឌនានារបស់រាជធានីភ្នំពេញ វាអាចឈានទៅរកការធូរស្រាលបាន គឺអាស្រ័យទៅស្ថានការណ៍កូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ព្រោះប្រជាពលរដ្ឋនៅតាមបណ្តាស្រុកជាប់រាជធានីភ្នំពេញទាំងនោះ គឺមានទំនាក់ទំនងលំហូរចេញចូលធ្វើការងារពីគ្នាទៅវិញទៅមក៕
អត្ថបទ ស៊ុម សុខជា