អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានប្ដេជ្ញាជំរុញកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលលោក ដែលត្រូវគេមើលឃើញថា ការដឹកនាំរបស់លោកត្រូវបានរារាំងដោយការតវ៉ាទ្រង់ធំៗយ៉ាងច្រើនប្រឆាំងនឹងកំណែទម្រង់ដែលលោកបានស្នើឡើង។

លោក Netanyahu បាននិយាយនៅពេលចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ក្នុងរទីក្រុង ហ្ស៊េរ៉ុយសាឡឹម (Jerusalem) ថា យើងនឹងរួមគ្នា និងចាប់ផ្ដើមវិធានការជាក់ស្ដែងនានា។
កញ្ចប់កំណែទម្រង់ដែលបានបង្ហាញកាលពីខែមករា ត្រូវបានផ្អាកក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដោយសារការតវ៉ាជាច្រើន ដែលបានធ្វើឡើងរៀងរាល់សប្ដាហ៍ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។
លោក Netanyahu បានផ្អាកដំណើរការច្បាប់នេះ កាលពីខែមីនា និងបានបង្កើតឲ្យមានការពិភាក្សាទូទាំងក្នុងគណបក្សជុំវិញបញ្ហានេះ ប៉ុន្តែក្រុមមេដឹកនាំបក្សប្រឆាំងលោក Yair Lapid និង លោកBenny Gantz បានដើរចេញពីការពិភាក្សាកាលពីថ្ងៃពុធ។

ក្រុមអ្នកនយោបាយជាន់ខ្ពស់របស់ប្រទេសនេះ បានស្ដីបន្ទោសដាក់គ្នាចំពោះការបរាជ័យក្នុងការចរចាជាបន្តបន្ទាប់។
លោក Netanyahu បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងពីបទរៀបចំការចរចាក្លែងក្លាយ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោកគឺលោក Lapid បាននិយាយថា នាយករដ្ឋមន្ត្រីរូបនេះ គ្រាន់តែសម្ដែងធ្វើជាចង់បានការចរចាតែប៉ុណ្ណោះ ។
កំណែទម្រង់ដ៏ចម្រូងចម្រាសនេះ ព្យាយាមដកអំណាចរបស់តុលាការជាន់ខ្ពស់ និងផ្ដល់អំណាចកាន់តែច្រើនឲ្យទៅក្រុមអ្នកនយោបាយក្នុងការជ្រើសរើសក្រុមចៅក្រមក្នុងតុលាការ៕