ភ្នំពេញ៖ បណ្តាប្រជាសហគមទេសចរណ៍ មកតាមបណ្តាខេត្តនានា បាននាំគ្នាថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវថ្នល់ស្អាតខ្វាត់ខ្វែង និងចូលទៅដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិអញ្ជើញទស្សនាកម្សាន្ត និងការជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងសហគមន៍។
នៅក្រោយពិធីបិទសន្និបាតសហគមន៍ទេសចរណ៍របស់សមាគមន៍បណ្តាញប្រជាជនកម្ពុជា ថ្ងៃទី១៩ ខែមិថុនានេះ បណ្តាប្រជាសហគមន៍ទេសចរណ៍មកពីខេត្តតាកែវ កំពត កោះកុង និងខេត្តបាត់ដំបង ជាដើម បានថ្លែងដូចគ្នាថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំស្ថាបនាផ្លូវស្អាតខ្វាត់ខ្វែង ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់បណ្តាសហគមន៍ទេសចរណ៍នានាទូទាំងប្រទេស បានធ្វើឲ្យសហគមន៍ទាំងអស់នោះទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិទៅទស្សនាជាហូរហែ ជំរុញកំណើនសេដ្ឋកិច្ចសហគមន៍ ហើយធានាការអភិរក្សធនធានធម្មជាតិ ការពារសត្វព្រៃ ព្រៃឈើទុកជូនភ្ញៀវទៅទស្សនា។
ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍បណ្តាញប្រជាជនកម្ពុជា ថ្លែងថា បច្ចុប្បន្ន បណ្តាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍មួយចំនួនធំ គឺមានផ្លូវថ្នល់ស្អាត ហើយអាចនាំទេសចរជាតិអន្តរជាតិអញ្ជើញទស្សនាងាយស្រួល ហើយបច្ចុប្បន្នសមាគមបណ្តាញប្រជាជនកម្ពុជា កំពុងជំរុញឲ្យសហគមន៍នាំគ្នារៀបចំសេវាទេសចរណ៍ល្អ ដើម្បីទាក់ទាញអញ្ជើញទស្សនាកាន់តែច្រើន។
ឯកឧត្តម បញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ទូទាំងប្រទេសមានរាជរដ្ឋាភិបាលបានផ្តល់ច្បាប់អនុញ្ញាតត្រឹមត្រូវបង្កើតសហគមមានប្រមាណជាង ២៣០០សហគមន៍ ក្នុងនោះ មានសហគមន៍ប្រមាណតែ ជាង ១២៥ប៉ុណ្ណោះ ដែលមានសកម្មភាពទេសចរណ៍ និងមានការផ្តល់សេវាល្អជូនភ្ញៀវទេសចរទៅទស្សនាកំសាន្ត៕អត្ថបទ៖ ស៊ុម សុខជា