រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអង្គារ បានចេញបញ្ជាឲ្យសេវាសហព័ន្ធនៃកងកម្លាំងឆ្មាំជាតិរុស្ស៊ី ចាប់ផ្ដើមធ្វើការលើនិយតកម្មគ្រប់គ្រងអាវុធថ្មី ក្រោយហេតុការណ៍បាញ់ប្រហារនៅសាលារៀនមួយកន្លែង បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ស្លាប់ នេះបើយោងតាមប្រភពពីទីក្រុងក្រឹមឡាំង។

យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន AP កាលពីព្រឹកថ្ងៃអង្គារខ្មាន់កាំភ្លើងម្នាក់អាយុ ១៩ឆ្នាំបានបើកការបាញ់ប្រហារក្នុងសាលារៀនមួយនៅទីក្រុង Kazan និងបានសម្លាប់សិស្សសាលា ៧នាក់ និងគ្រូបង្រៀនម្នាក់ ចំណែកមនុស្ស ២១នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោក Putin ក៏បានចូលរួមរំលែកទុក្ខផងដែរចំពោះក្រុមគ្រួសារជនរងគ្រោះ និងបួងសួងសុំឲ្យអ្នករបួសទាំងនោះឆាប់ជាសះស្បើយ។
អ្នកកាន់ទុក្ខរាប់រយនាក់បានយករបស់លេង និងផ្កាទៅកាន់ស្តូបរំឭកវិញ្ញាណក្ខន្ធបណ្ដោះអាសន្ន នៅខាងក្រៅសាលារៀនក្នុងទីក្រុង Kazan ជាទីដែលខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស ៨នាក់រួមមានសិស្សសាលាស្រី ៧នាក់ផងដែរកាលពីថ្ងៃអង្គារ៕
អត្ថបទ៖ សុខមាន