ក្រុមសប្បុរធម៌អេស្ប៉ាញ Open Armsបាននិយាយថា ពួកគេបានសង្រ្គោះជនអន្តោប្រវេសន៍ ១១៧នាក់ ពីលើទូកឈើដ៏ទ្រុឌទ្រោមមួយគ្រឿង ធ្វើដំណើរមកពីប្រទេសលីប៊ី ដែលជាការឆ្លងកាត់ផ្សងជីវិតនៅក្នុងសមុទ្រមីឌីទែរ៉ាណេ ។

ក្រុមជនអន្តោប្រវេសន៍ដែលសង្រ្គោះបាន ត្រូវគេរំពឹងថា នឹងចុះពីលើនាវានៅកំពង់ផែ Livorno របស់ប្រទេសអ៊ីតាលី ។
ការលិចទូកនៅជិតតំបន់ឆ្នេរប្រទេសក្រិកកាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្សយ៉ាងហោច៧៨នាក់ នៅក្នុងចំណោមមនុស្សរាប់រយនាក់នៅលើទូកនេសាទមួយគ្រឿងនោះ បានបង្ហាញជាថ្មីម្តងទៀតពីការស្លាប់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ពេលដែលពួកគេរត់គេចចេញពីភាពក្រីក្រ និងជម្លោះនៅអាហ្វ្រិក និងនៅតំបន់មជ្ឈិមបូព៌ា ។
ក្រុមសប្បុរធម៌ Open Arms និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងចំណោមមនុស្សដែលសង្រ្គោះជីវិតបាន គឺជាស្រ្តី ២៥នាក់ និងក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ ហើយជនអន្តោប្រវេសន៍ទាំងអស់នេះ ភាគច្រើនមកពីប្រទេសអេរីទ្រី ស៊ូដង់ និងលីប៊ី ។
ប្រតិបត្តិការជួយសង្រ្គោះនេះដែរ បានធ្វើឡើងនៅក្នុងដែនសមុទ្រអន្តរជាតិ ស្ថិតនៅចម្ងាយប្រហែល ៣០គ.មពីតំបន់ឆ្នេរប្រទេសលីប៊ី ក្រោយទូកបានចាកចេញពីកំពង់ផែ Sabratha នៅពេលងងឹត វេលាម៉ោង ១យប់រំលងអាធ្រាត្រ ម៉ោងសកលកាលពីថ្ងៃសៅរ៍ ៕
