នគរបាលអង់គ្លេសកាលពីថ្ងៃសៅរ៍ (១៧ មិថុនា) បានប្រកាសថា ក្រុមអ្នកស៊ើបអង្កេតឃាតកម្ម កំពុងដឹកនាំការស៊ើបអង្កេតលើករណីស្លាប់របស់សមាជិក៤ នាក់នៃគ្រួសារតែមួយនៅទីក្រុងឡុងដ្រ៍។

ស្នងការនគរបាលលោក Sean Wilson បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា សាកសពមនុស្សពេញវ័យពីរនាក់ស្ថិតក្នុងវ័យ ៣០ ឆ្នាំ និងកុមារពីរនាក់អាយុ ១១ឆ្នាំ និង ៣ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងផ្ទះមួយក្នុងតំបន់ Hounslow ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃសុក្រ។
លោក Wilson បាននិយាយថា "ផ្អែកលើការសាកសួរដំបូងអាចនិយាយបានថា យើងរកមិនឃើញអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុដ៏សោកនាដកម្មនេះទេ"។
ក្រុមអ្នកស៊ើបអង្កេតកន្លែងកើតហេតុឧក្រិដ្ឋកម្ម ខ្លះពាក់ឈុតការពារ និងខ្លះទៀតកាន់ឧបករណ៍ថតរូប ត្រូវគេមើលឃើញថាបានចូលទៅក្នុងផ្ទះកើតហេតុនៅផ្លូវ Staines កាលពីថ្ងៃសៅរ៍។ ក្រោយមកនៅល្ងាចថ្ងៃសៅរ៍ នគរបាលក្នុងតំបន់បានប្រកាសឈ្មោះអ្នកស្លាប់ដែលមានដូចជា Michal, Monika, Maja និង Dawid នៃគ្រួសារត្រកូល Wlodarczyk៕
