នាយករដ្ឋមន្ត្រីដែនដីកោះតៃវ៉ាន់ លោក Chen Jien-ren បាននិយាយនៅថ្ងៃចន្ទ (១៩ មិថុនា)នេះថា តៃវ៉ាន់កំពុងតាមដានយ៉ាងដិតដល់នូវជំនួបរវាងមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងចិន។

ការអត្ថាធិប្បាយរបស់លោក Chen ធ្វើឡើងស្របពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំង ដែលត្រូវបានពន្យារពេលកាលពីខែកុម្ភៈ បន្ទាប់ពីបាឡុងចារកម្មចិនបានហោះពីលើដែនអាកាសសហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងចិន និងអាមេរិកកាន់តែយ៉ាប់យ៉ឺននៅគ្រប់ផ្នែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបង្កើនការព្រួយបារម្ភថា នៅថ្ងៃណាមួយភាគីទាំងពីរអាចនឹងប៉ះទង្គិចគ្នាផ្នែកយោធាលើបញ្ហាកោះតៃវ៉ាន់ដែលចិនអះអាងសិទ្ធិថាជារបស់ខ្លួននេះ។
ដំណើរទស្សនកិច្ចនេះត្រូវបានតាមដានយ៉ាងជិតដិតនៅទូទាំងពិភពលោក ដោយសារការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកនេះ អាចមានផលប៉ះពាល់ជាសកលលើទីផ្សារហិរញ្ញវត្ថុ ការអនុវត្តពាណិជ្ជកម្ម និងច្រកទំនាក់ទំនងនានា ព្រមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ៕
