ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JMAS ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាថា ខ្លួននៅតែបន្តសហការ និងជួយដល់កម្ពុជាជានិច្ច លើវិស័យបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ខណៈកិច្ចសហប្រតិបត្តិការនាពេលកន្លងទៅ បានល្អប្រសើរ ហើយបានជួយរំដោះផ្ទៃដី និងអាយុជីវិតពលរដុ្ឋខ្មែរបានយ៉ាងច្រើនចេញពីគ្រាប់យុទ្ធភណ្ឌទាំងនោះ។
នៅក្នុងកិច្ចជំនួប នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ រវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាកកម្ពុជា ជាមួយលោក SUENAGA Noriyoshi ប្រធានអង្គការ JMAS ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបានបញ្ចប់បេសកកម្មរបស់លោកនៅកម្ពុជានោះ ឯកឧត្តម ហេង រតនា បានលើកឡើងថា រយៈពេលជាង២ឆ្នាំ ក្នុងអាណត្តិរបស់លោក SUENAGA Noriyoshi នេះអង្គភាពស៊ីម៉ាក់ និង អង្គការជេម៉ាស បានសហការគ្នាយ៉ាងល្អ ដើម្បីរំដោះដីចម្ការមីន និងគ្រាប់យុទ្ធភណ្ឌជូនប្រជាពលរដ្ឋ ក៏ដូចជាគាំទ្រគម្រោងអភិវឌ្ឍន៍ សហគមន៍ផងដែរនោះ។
ឯកឧត្តម បានបន្តថា សមិទ្ធផលគម្រោងសំខាន់ៗ ត្រូវបានសហការប្រកបដោយជោគជ័យជាពិសេសគម្រោងថ្មីៗនេះ ដែលមានរយៈពេល៣ឆ្នាំ ២០២១-២០២៣ (០១ មីនា២០២១-២៨ កុម្ភៈ ២០២៤) ហើយគម្រោងនៅខេត្តបន្ទាយមានជ័យ សំរាប់គាំទ្រកម្លាំងស៊ីម៉ាក់ ធ្វើការបោសសំអាតគ្រាប់មីន និងនៅខេត្តស្ទឹងត្រែង គាំទ្រ កម្លាំងស៊ីម៉ាក់ធ្វើការបោសសំអាតគ្រាប់បែកចង្កោមជាដើមនោះបានកំពុង បន្តនិងទទួលបានជោគជ័យជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តម ហេង រតនា ក៏បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ក៏ដូចជាឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំអង្គការJMAS ដែលបានខិតខំប្រឹងប្រែងដើម្បីជួយប្រជាជនកម្ពុជា ទោះបីជាក្នុងពេលវេលាដ៏លំបាកដោយសារជំងឺឆ្លងកូវីត១៩ ក៏ដោយ។
លោក SUENAGA Noriyoshi ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលជប៉ុននៅតែបន្តជួយប្រទេសកម្ពុជា លើវិស័យបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នេះដដែល ពោលគឺនឹងជួយរហូតដល់ប្រទេសកម្ពុជាគ្មានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលជាផែនការគម្រោងក្នុងឆ្នាំ២០២៥នោះ៕
អត្ថបទ ៖ បាន ចក់



