ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ (១៨ មិថុនា)ថា មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២៥ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងទឹកជំនន់ភ្លាមៗ និងបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានវាយលុកភាគខាងកើតប្រទេសនេប៉ាល់ ហើយក៏ជាការស្លាប់ដំបូងគេចាប់តាំងពីភ្លៀងធ្លាក់ប្រចាំឆ្នាំបានចាប់ផ្តើមកាលពីសប្តាហ៍មុន។

មន្ត្រីរដ្ឋាភិបាលលោក Bimal Paudel បាននិយាយថា ភ្លៀងធ្លាក់ដ៏ខ្លាំងបានបោកបក់បំផ្លាញគម្រោងវារីអគ្គិសនីកំពុងសាងសង់នៅទន្លេ Hewa ក្នុងតំបន់ Sankhuwasabha ភាគខាងកើតប្រទេសនេប៉ាល់ ជាទីដែលកម្មករ ១៦ នាក់បានបាត់ខ្លួន។
ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រាំបួននាក់ក៏បានបាត់ខ្លួនផងដែរនៅក្នុងទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅក្នុងតំបន់ Tplejung និងតំបន់ Panchthar ដែលនៅជិតខាងមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌានៅភាគខាងកើត។
ភ្លៀងប្រចាំឆ្នាំ ដែលមានសារៈសំខាន់សម្រាប់ដំណាំ ជាធម្មតាចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនា និងបន្តរហូតដល់ខែកញ្ញា ក្នុងប្រទេសនេប៉ាល់៕
